Tite ​លា​ពី​តំណែង​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ហើយ​

​លោក Tite ​បាន​ប្រកាស​លា​ឈប់​ពី​តំណែង​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ភ្លាម ​បន្ទាប់​ពី​ក្រុម​របស់​លោក​លេង​ចាញ់​ក្រុម​ក្រូអាត​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ FIFA World Cup 2022 ​។

​ក្រុម​ប្រេស៊ីល​មិន​អាច​ធ្វើ​អ្វី​ក្រុម​ក្រូអាត​បាន​នោះ​ទេ ​ពោល​គឺ​ចប់​១២០​នាទី ​ពួកគេ​ស្មើ​គ្នា​១-១។ ​នៅ​វគ្គ​ប៉េណាល់ទី​នេះ​ដែរ ​ក្រុម​ក្រូអាត​នៅ​តែ​ធ្វើ​បាន​ល្អ​ដូច​កាល​ពួកគេ​ទាត់​ជាមួយ​ក្រុម​ជប៉ុន​ដូច​គ្នា​ដែរ។ ​ខណៈ​ដែល​ក្រុម​ប្រេស៊ីល​វិញ ​ទាត់​មិន​ចូល​ដល់​ទៅ​២​គ្រាប់ ​និង​របូត​ឱកាស​ឈ្នះ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទៅ​ហើយ។ ​នេះ​ជា​ការ​ខក​ចិត្ត​ខ្លាំង​មែនទែន​សម្រាប់​ក្រុម​ប្រេស៊ីល ​គ្រា​ដែល​មុន​ការ​ប្រកួត ​ពួកគេ​រំពឹង​ថា​នឹង​ធ្វើ​បាន​ល្អ​ច្រើន​ជាង​នេះ។

​ក្រោយ​ពី​បរាជ័យ​នេះ​ហើយ ​លោក Tite ​ដែល​ជា​គ្រូ​បង្វឹក​របស់​ក្រុម​ប្រេស៊ីល​ក៏​បាន​ប្រកាស​ពី​ការ​ចាកចេញ​ពី​តំណែង​របស់​លោក​ផង​ដែរ។ ​បុរស​វ័យ​៦១​ឆ្នាំ​នេះ ចូល​ដឹក​នាំ​ក្រុម​ប្រេស៊ីល​តាំង​ពី​ឆ្នាំ​២០១៦​មក ​ដោយ​ជំនួស​លោក Dunga ​។ ​លោក Tite ​ដឹក​នាំ​ក្រុម​បាន​៨១​ប្រកួត ​និង​ឈ្នះ​បាន​៦០​ប្រកួត​ឯ​ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT