ព័រទុយហ្គាល់ ​ថា​ Ronaldo ​មិន​មាន​បញ្ហា​ក្នុង​ក្រុម ឬ​ចង់​ចាកចេញ​ពី World Cup ​នោះ​ទេ​

​សហព័ន្ធ​បាល់ទាត់​ព័រទុយហ្គាល់ ​បាន​អះអាង​ដំណឹង​ដែល​ចុះ​ផ្សាយ Cristiano Ronaldo ​មាន​បញ្ហា​ជាមួយ​គ្រូ​បង្វឹក ​និង​មិត្ត​រួម​ក្រុម​រហូត​ដល់​ចង់​ចេញ​ពី World Cup ​នោះ ​គឺ​ជា​រឿង​មិន​ពិត​នោះ​ទេ។

​Ronaldo ​ត្រូវ​បាន​អង្គុយ​កៅអី​បម្រុង​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​ស្វីស​កន្លង​ទៅ ដែល​ធ្វើ​ឱ្យ​សាមី​ខ្លួន​ហាក់​ដូចជា​មិន​សូវ​ពេញ​ចិត្ត​នោះ​ទេ។ ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ទៅ ​មាន​ដំណឹង​ច្រើន​ចុះ​ផ្សាយ​ថា Ronaldo ​ចង់​ចាកចេញ​ពី​ក្រុម​ជម្រើស​ជាតិ​នៅ​ត្រឹម​នេះ​តែ​ម្ដង ​ព្រោះ​មិន​ពេញ​ចិត្ត​ដែល​ឱ្យ​គេ​អង្គុយ​កៅអី​បម្រុង។ ​តែ​គ្រប់​យ៉ាង​នៅ​ពេល​នេះ ​ត្រូវ​បាន​លាត​ត្រដាង​ហើយ។ ​សហព័ន្ធ​បាល់ទាត់​ព័រទុយហ្គាល់ ​អះអាង​ថា​ការ​ចុះ​ផ្សាយ​ទាំង​អស់​នោះ​មិន​មែន​ជា​រឿង​ពិត​នោះ​ទេ។ ​Ronaldo ​នៅ​តែ​បន្ដ​ជាមួយ​ក្រុម ​ហើយ​ប្រកួត​ប្រជែង​រហូត​ដល់​ទី​បញ្ចប់។

​ស្រប​ពេល​ជាមួយ​គ្នា​នោះ Ronaldo ​ក៏​បាន​បង្ហោះសារ​នៅ​លើ​បណ្ដាញ​សង្គម​ដែរ។ ​ដោយ​ក្នុង​សារ​នោះ​មាន​ន័យ​ថា​ព័រទុយហ្គាល់​ជា​ក្រុម​មួយ​ដែល​សហការ​គ្នា។ ​ជា​ក្រុម​មួយ​ដែល​មិន​ងាយ​បែកបាក់​ដោយសារ​អ្នក​ក្រៅ​នោះ​ទេ។ ​ព័រទុយហ្គាល់ ​នឹង​តស៊ូ ​ដើម្បី​ក្ដី​សុបិន​រហូត​ដល់​ទី​បញ្ចប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT