ប្រធានក្លឹប PSG លោក Nasser Al Khelaifi ធ្វើបច្ចុប្បន្នភាពលើការបន្តកុងត្រាជាមួយ Lionel Messi

ប្រធានក្លឹប Paris Saint-Germain (PSG) លោក Nasser Al-Khelaifi បានបញ្ជាក់ថាក្លឹបកំពុងរៀបចំផែនការពិភាក្សាជាមួយ Lionel Messi បន្ទាប់ពីការប្រកួត FIFA World Cup ។ ក្រុមនៅ Ligue 1 មួយនេះសង្ឃឹមថានឹងអាចរក្សាកីឡាករអាហ្សង់ទីននៅក្លឹបលើសពីរដូវកាលនេះ។
កិច្ចសន្យាបច្ចុប្បន្នរបស់អតីតកីឡាករ Barcelona នៅ PSG នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែភាគីបារាំងមានជម្រើសក្នុងការបន្តកុងត្រានេះមួយឆ្នាំទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រុម Barcelona ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងមើលការផ្ទេរមួយនៃការនាំយកវីរបុរសគេទៅកាន់ Camp Nou វិញ។ថ្លែងទៅកាន់ Sky Sports កាលពីថ្ងៃព្រហស្បតិ៍ លោក Al-Khelaifi បានបញ្ជាក់ថា ក្លឹបបារាំងចង់រក្សា Messi នៅក្លឹបលើសពីរដូវក្តៅនេះ។ គាត់បានបន្ថែមថា កីឡាករអាហ្សង់ទីនសប្បាយចិត្តនៅ Parc des Princes ហើយនោះគឺជាហេតុផលនៃការបង្ហាញទម្រង់លេងដ៏ល្អរបស់គាត់នៅរដូវកាលនេះ។

គាត់​បាន​និយាយ​ថា៖
“ពិតណាស់ គាត់សប្បាយចិត្តណាស់ អ្នកអាចឃើញវាជាមួយក្រុមជម្រើសជាតិ។ ប្រសិនបើកីឡាករមិនសប្បាយចិត្ត អ្នកនឹងឃើញទម្រង់លេងរបស់ពួកគេមិនល្អសម្រាប់ក្រុមជម្រើសជាតិនោះទេ។ គាត់ធ្វើបានល្អណាស់ក្នុងរដូវកាលនេះសម្រាប់ពួកយើង គាត់ស៊ុតបានច្រើនគ្រាប់ និងបញ្ជូនបាល់ជាច្រើនឲ្យមិត្តរួមក្រុម ទាំងក្រុមជម្រើសជាតិ និងសម្រាប់ក្លឹប”។គាត់​បាន​បន្ថែមថា៖
“ដូច្នេះអ្វីដែលយើងបានព្រមព្រៀងជាមួយគ្នានោះគឺថា បន្ទាប់ពីការប្រកួត World Cup យើងអង្គុយជជែកគ្នា។ ប៉ុន្តែភាគីទាំងពីរ ទាំងខាងភាគីរបស់យើង និងភាគីរបស់គាត់ ពិតជារីករាយខ្លាំងណាស់ ដូច្នេះយើងនឹងនិយាយគ្នាបន្ទាប់ពីការប្រកួត World Cup”៕

ប្រភព៖ Sky Sports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT