Sterling ​ត្រលប់​មក​ជួយ​ជម្រើស​ជាតិ​អង់គ្លេស​នៅ World Cup ​វិញ​ហើយ​

​ខ្សែ​ប្រយុទ្ធ Raheem Sterling ​បាន​ត្រលប់​មក​ជួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នៅ​ព្រឹត្តិការណ៍ FIFA World Cup 2022 វិញ​ហើយ ​ក្រោយ​ពី​ចាកចេញ​ទៅ​មើល​ក្រុម​គ្រួសារ​ដែល​ត្រូវ​ចោរ​ចូល​ផ្ទះ។

​កីឡាករ​វ័យ​២៧​ឆ្នាំ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទៅ​អង់គ្លេស​វិញ ​ក្រោយ​ពី​មាន​ដំណឹង​ថា​មាន​ក្រុម​ចោរ​ចូល​ផ្ទះ ​ខណៈ​ដែល​ប្រពន្ធ​កូន​របស់​ពួកគេ​ក៏​ស្ថិត​នៅ​ក្នុង​ផ្ទះ​នោះ​ដែរ។ ​ក្រោយ​ពី​បាន​ទៅ​ជួប​មុខ​គ្រួសារ​មួយ​រយៈ​មក​ក៏​ស្រាប់​តែ Sterling ​បាន​ត្រលប់​មក​ដល់​កាតា​វិញ​ហើយ ​ដើម្បី​ចូល​ហាត់​និង​ត្រៀម​ប្រកួត​នៅ​ព្រឹត្តិការណ៍ World Cup ​បន្ដ​ទៀត។ ​ដោយ​អង់គ្លេស​កំពុង​ត្រៀម​ខ្លួន​លេង​ទល់​ក្រុម​បារាំង​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ផង​ដែរ។

​ដោយសារ​តែ​ទើប​ត្រលប់​មក​វិញ​និង​មិន​បាន​ហាត់​ជាមួយ​ក្រុម​ប៉ុន្មាន​ថ្ងៃ​មក​នេះ ​អង់គ្លេស​ទំនង​ជា​មិន​ដាក់ Sterling ​ឱ្យ​លេង​ជម្រើស​១១​នាក់​ដំបូង​នោះ​ទេ។ ​ប៉ុន្តែ​វត្ដមាន​របស់​គេ​ក៏​ល្អ​សម្រាប់​ក្រុម​លោក Gareth Southgate ​ផង​ដែរ ​ដើម្បី​មាន​ជម្រើស​នៅ​តំបន់​ប្រយុទ្ធ​ស្លាប។ ខណៈ​ដែល​កន្លង​មក រូបគេ​ក៏​ជា​កីឡាករ​ធ្វើ​បាន​ល្អ ក្រឡុក​ខ្សែ​ការពារ​គូ​ប្រកួត​បាន​ខ្លាំង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT