Modric ​៖​យើង​មិន​ដែល​ឈ្នះ​ប្រេស៊ីល​ទេ ​ខ្ញុំ​សង្ឃឹម​ថា​យើង​អាច​ផ្លាស់​ប្ដូរ​ទម្លាប់​នេះ​បាន​

​ខ្សែ​បម្រើ​ Luka Modric ​បាន​និយាយ​ថា​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​របស់​ខ្លួន​លេង​មិន​ដែល​ឈ្នះ​ប្រេស៊ីល​នោះ​ទេ ដូច្នេះ​នៅ​រាត្រី​នេះ​គេ​សង្ឃឹម​ថា​នឹង​អាច​ផ្លាស់​ប្ដូរ​ទម្លាប់​នេះ​បាន​។

​ក្រូអាត ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​នៅ​ម៉ោង​១០​យប់​នេះ សម្រាប់​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ FIFA World Cup 2022 ​នៅ​ប្រទេស​កាតា។ ​មុន​ការ​ប្រកួត​នោះ​ឈាន​ចូល​មក​ដល់ ​ក្រុម​ក្រូអាត​ដែល​មាន​លោក Zlatko Dalic ​ជា​គ្រូ​បង្វឹក​នោះ​សង្ឃឹម​ថា​អាច​កសាង​ប្រវត្តិសាស្ត្រ​ល្អ​បាន​ទៀត។ ​លោក ចាត់​ទុក​ថា​ក្រូអាត​ធ្វើ​បាន​ល្អ​ណាស់​ហើយ​តាំង​ពី World Cup 2018 ​មក ព្រោះ​ក្រូអាត​ជា​ប្រទេស​តូច ប៉ុន្តែ​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ឆ្នាំ​២០១៨ ​និង​បាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ឆ្នាំ​២០២២​នេះ​ទៀត ​នោះ​វា​មិន​មែន​ជា​រឿង​ធម្មតា​នោះ​ទេ។

​ដោយ​ឡែក​សម្រាប់ Luka Modric ​វិញ ​បាន​និយាយ​ដែរ​ថា​៖ “យើង​ធ្លាប់​ជួប​ប្រេស៊ីល​ច្រើន​ដង​ដែរ ​ហើយ​មិន​ដែល​ឈ្នះ​ពួកគេ​នោះ​ទេ។ ​ខ្ញុំ​សង្ឃឹម​ថា​យើង​អាច​ផ្លាស់​ប្ដូរ​ទម្លាប់​នេះ​បាន​នៅ​រាត្រី​នេះ។ ​នេះ​ជា​ការ​ប្រកួត​អស្ចារ្យ​បំផុត​ក្នុង​ពាន​រង្វាន់ World Cup ​ដែល​នៅ​ចំពោះ​មុខ​យើង។ ពួកគេ​ជា​ក្រុម​ខ្លាំង​បំផុត​និង​ជា​ក្រុម​គេ​គិត​ថា​អាច​ឈ្នះ World Cup ​បាន​ទៀត”។ ខណៈ​ដែល​ក្រុម​ក្រូអាត​នេះ ​ប៉ះ​ប្រេស៊ីល​៤ដង គឺ​ចាញ់​៣​ដង ​និង​ស្មើ​គ្នា​ម្ដង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT