អ្នក​ចាំទី​ហុល្លង់ ​ថា Messi ​ជា​មនុស្ស​ធម្មតា​ម្នាក់​ដូច​គេ​ដូច​ឯង​ដែរ​ទេ​

​អ្នកចាំទី​ Andries Noppert ​របស់​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​បាន​អះអាង​ថា​ខ្សែ​ប្រយុទ្ធ​ Lionel Messi ​ក៏​ជា​មនុស្ស​ធម្មតា​ដូច​កីឡាករ​ដទៃ​ទៀត​ដែរ ដូច្នេះ​គេ​មិន​មាន​អ្វី​ត្រូវ​ខ្លាច​នោះ​ទេ។

​ក្រុម​ហុល្លង់ ​នឹង​ប៉ះ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ​ហើយ​សម្រាប់​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ FIFA World Cup 2022 ​។ ​មុន​ការ​ប្រកួត​សំខាន់​នេះ​ចាប់​ផ្ដើម ​អ្នក​ចាំទី Andries Noppert ​បាន​ចេញ​មុខ​មក​អះអាង​ហើយ​ថា​គេ​មាន​ទំនុក​ចិត្ត​ថា​ហុល្លង់​នឹង​អាច​យក​ឈ្នះ​លើ​ក្រុម​អាហ្សង់ទីន​បាន ​ហើយ​​គេ​ក៏​មិន​ខ្លាច Messi ​ដែរ​ក្នុង​នាម​ជា​អ្នកចាំទី។ Andries ​ថា Messi ​ក៏​ជា​មនុស្ស​ដូច​កីឡាករ​ដទៃ​ទៀត​ដែរ ​ដែល​អាច​ទាត់​ប៉េណាល់ទី​មិន​ចូល​ដូច​គ្នា។

​អ្នក​ចាំទី​ដែល​ទើប​ជាប់​ជម្រើស​ជាតិ​ហុល្លង់​បាន​លេង World Cup ​ជា​លើក​ដំបូង​ខាង​លើ​និយាយ​ថា​៖ “គាត់​អាច​ទាត់​មិន​ចូល ​ដូច​ដែល​យើង​បាន​ឃើញ​កាល​ពី​ប្រកួត​បើក​រដូវ​កាល​ដំបូង។ គាត់​តែងតែ​ប្រើ​ជើង​ដដែល​ដើម្បី​ទាត់ ដូច​តែ​កីឡាករ​ធម្មតា​ដែរ។ ច្បាស់ គាត់​ជា​កីឡាករ​ល្អ ​ប៉ុន្តែ​ដូច​ខ្ញុំ ខ្ញុំ​អាច​សង្គ្រោះ​បាល់​ប៉េណាល់ទី​បាន​ដូច​គ្នា​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT