បានទាំងដៃល្អទាំងជើង កីឡាករ​បាល់ទាត់ ២ រូប ធ្លាប់​តំណាង​ឲ្យ​ជម្រើស​ជាតិ​ប្រកួត​បាល់ទះ

បាល់ទាត់ បាល់ទះ​ជា​កីឡា​ដ៏​ពេញ​និយម​នៅ​ទូទាំង​សកលលោក ដោយ​មួយ​ផ្តោត​លើ​ការ​ប្រើប្រាស់​ជើង មួយ​ទៀត​ប្រើប្រាស់​ដៃ ហើយ​កម្រ​ណាស់​ដែល​មាន​អត្តពលិក ចេះ​ជំនាញ​វិស័យ​កីឡា​ទាំង​ពីរ​ព្រម​គ្នា រហូត​ដល់​ធ្លាប់​តំណាង​ឲ្យ​ប្រទេស ប្រកួត​លើ​ឆាក​អន្តរជាតិ។

CTS Sports សូម​ធ្វើ​ការ​រំឭក​លើក​មក​បង្ហាញ ​នូវ​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ របស់​កីឡាករ​អាជីព​នៅ World Cup ២ រូប ដ្បិត​ពេល​នេះ​ឈរ​ជើង​លើ​វិស័យ​បាល់ទាត់​តំណាង​ឲ្យ​ប្រទេស​របស់​ពួក​គេ តែ​កន្លង​មក​ក៏​ធ្លាប់​ចូលរួម​ជាមួយ​វិស័យ​បាល់ទះ​ដូច​គ្នា៖

១) Sardar Azmoun

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Bayer Leverkusen និង​តំណាង​ឲ្យ​ជម្រើស​ជាតិ​អ៊ីរ៉ង់ កន្លង​មក​ពួក​យើង​ធ្លាប់​បាន​ចុះ​ផ្សាយ​ពី​គេ​ម្តង​ហើយ ដែល​ថា​កាល​នោះ មាន​មុខមាត់​ដូច​ជា​ខ្សែ​ការពារ​ Harry Maguire របស់​ជម្រើស​ជាតិ​អង់គ្លេស។

រំឭក​ទៅ​អតីតកាល គ្រា​នៅ​កុមារភាព Azmoun ​ដាក់​ចិត្ត​ស្រលាញ់​វិស័យ​កីឡា​ទាំង​ពីរ​ប្រហែល​គ្នា ដោយ​នៅ​អាយុ​ប្រហែល​ជាង ១០ ឆ្នាំ គេ​កំពុង​ចាប់ផ្ដើម​ហ្វឹកហាត់​ទាំង​បាល់ទាត់ និង​បាល់ទះ រហូត​ដល់​ទទួល​បាន​ឱកាស​ទៅ​ចូលរួម​ជាមួយ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​អ៊ីរ៉ង់ សម្រាប់​យុវជន​អាយុ​ក្រោម ១៥ ឆ្នាំ។

ដ្បិត​មាន​ឈ្មោះ​តំណាង​ឲ្យ​ជម្រើស​ជាតិ តែ​យើង​ក៏​មិន​ទទួល​បាន​ព័ត៌មាន​ច្បាស់ការ​ណា​មួយ​ អំពី​ពាន​រង្វាន់​នានា​ដែល​គេ​ចូលរួម ក៏​ដូច​ជា​ដំណើរ​អាជីព​បន្ត​ទៅ​មុខ​ទៀត​លើ​វិស័យ​មួយ​នេះ។ គ្រាន់​ដឹង​ថា ឈាម​ជ័រ​របស់ Azmoun គឺ​ឈរ​លើ​អាជីព​បាល់ទះ ខ្លាំង​ជាង​បាល់ទាត់ ព្រោះ​ឪពុក​បង្កើត​របស់​គេ លោក Khalil Azmoun អតីតកាល​ជា​កីឡាករ​បាល់ទះ​អាជីព​ដ៏​លេចធ្លោ​មួយ​រូប ហើយ​ក្រោយ​មក​ក៏​ក្លាយ​ជា​គ្រូ​បង្វឹក​ផង​ដែរ។

២) Ivan Perisic

ខ្សែ​បម្រើ​កំពុង​ឈរ​ឈ្មោះ​ឲ្យ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្រូអាត នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ World Cup អតីតកាល​ក៏​ធ្លាប់​ជា​កីឡាករ​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់ ឲ្យ​សហព័ន្ធ​បាល់ទះ​នៃ​ប្រទេស​ខាង​លើ​ដូច​គ្នា។

កំឡុង​រដូវ​ក្តៅ ជា​ពេលវេលា​សម្រាក​ពី​អាជីព​បាល់ទាត់​ជាមួយ​ក្លឹប Inter Milan កាល​ឆ្នាំ ២០១៧ បុរស​កម្ពស់​បាន ១,៨៦ ម៉ែត្រ បាន​ចាប់​ដៃ​គូ​ជាមួយ​កីឡាករ Niksa Dell’Orco តំណាង​ឲ្យ​ក្រូអាត ប្រកួត​នៅ​ពាន​រង្វាន់​បាល់ទះ​ឆ្នេរខ្សាច់ FIVB Beach Volleyball World Tour Porec Major។ យ៉ាង​ណា​លទ្ធផល​ ពួក​គេ​បរាជ័យ​ទាំង ៣ ប្រកួត​ទល់​ក្រុម​មក​ពី​សហរដ្ឋអាមេរិក និង​ប្រេស៊ីល តែ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន Bild បាន​សង្កត់​ធ្ងន់ ប្រសិន​ពេល​នោះ Perisic អាច​ឡើង​ទៅ​វគ្គ​បន្ទាប់ ក៏​នឹង​ត្រូវ​ខកខាន​ពេលវេលា​ហ្វឹកហាត់​បាល់ទាត់ ត្រៀម​បើក​រដូវ​កាល​ជាមួយ Inter ម្ល៉េះ​អាច​នឹង​រង​ការ​ពិន័យ​ក៏​ថា​បាន។

Perisic ធ្លាប់​ប្រាប់​យ៉ាង​ដូច្នោះ​ថា៖ “វា​ជា​ក្តី​ស្រមៃ​របស់​ខ្ញុំ ខ្ញុំ​ចាប់​ចេះ​លេង​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​តាំង​ពី​អាយុ ១០ ឆ្នាំ ខ្ញុំ​ស្រលាញ់​កីឡា​មួយ​នេះ​ណាស់ ហើយ​តែងតែ​ហ្វឹកហាត់​អនុវត្ត​វា​នៅ​រដូវ​ក្តៅ ខ្ញុំ​ពិត​ជា​អរគុណ​ដែល​ផ្តល់​ឱកាស​សារ​នេះ ឲ្យ​ខ្ញុំ​បាន​លេង​ទល់​កីឡាករ​បាល់ទះ​ល្អៗ​ជា​ច្រើន​ក្នុង​លោក វា​ជា​អារម្មណ៍​ដ៏​អស្ចារ្យ បើ​ទោះ​បី​ចាញ់​ក៏​ដោយ”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT