Luis Enrique ​ថា​សប្ដាហ៍​ក្រោយ ​នឹង​ដឹង​ច្បាស់​ថា​លោក​ត្រូវ​បណ្ដេញ​ឬ​យ៉ាង​ណា​

​លោក Luis Enrique ​បាន​អះអាង​ថា​អនាគត​របស់​លោក​នៅ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​នឹង​ដឹង​នៅ​សប្ដាហ៍​ក្រោយ​នេះ ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​ចាញ់​ម៉ារុក​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

​អេស្ប៉ាញ​គ្រប់គ្រង​បាល់​បាន​ច្រើន ប៉ុន្តែ​មិន​អាច​ស្វែង​រក​ឱកាស​ដើម្បី​ស៊ុត​ទៅ​លើ​ក្រុម​ម៉ារុក​បាន​នោះ​ទេ ខណៈ​ដែល​វគ្គ​ប៉េណាល់ទី​ពួកគេ​ធ្វើ​មិន​បាន​ល្អ​ថែម​ទៀត។ ​កត្ដា​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​អេស្ប៉ាញ​ខក​បំណង​មែនទែន ​ពោល​គឺ​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ទៅ​ហើយ។ ​ការ​បរាជ័យ​នេះ ​បាន​ចោទ​ជា​សំណួរ​ច្រើន​ទៅ​លើ​លោក Enrique ​ពី​អនាគត​របស់​លោក​ថា​នឹង​បន្ដ​ដឹក​នាំ​ក្រុម​នេះ​បាន​ទៀត ​ឬ​ត្រូវ​ចាកចេញ។

​សម្រាប់​ចម្លើយ ​គ្រូ​បង្វឹក​ខាង​លើ​និយាយ​ថា​៖ “ខ្ញុំ​ជា​អ្នក​ទទួល​​ខុស​ត្រូវ ​ខ្ញុំ​ជា​អ្នក​រើស​កីឡាករ​ទាត់​ប៉េណាល់ទី​៣​នាក់​ដំបូង។ ខ្ញុំ​គិត​ថា​ក្មេង​ៗ​ត្រូវ​តែ​ទទួល​និង​រៀន​ពី​បរាជ័យ ​បើ​ទោះ​ជា​យើង​សក្ដិសម​ទទួល​ឬ​អត់​ក៏​ដោយ។ ពេល​នេះ ​ខ្ញុំ​កំពុង​រង់ចាំ​ពេល​ត្រលប់​ទៅ​ផ្ទះ​វិញ​ដើម្បី​ជួប​គ្រួសារ​របស់​ខ្ញុំ​និង​ឆ្កែ​របស់​ខ្ញុំ​ហើយ​ខ្ញុំ​អាច​នៅ​ជាមួយ​ពួកគេ​បាន​។ ​ខ្ញុំ​គិត​ថា​ពី​សប្ដាហ៍​ក្រោយ​ទៅ ​ប្រធាន​សហព័ន្ធ​នឹង​ពិចារណា​រឿង​អនាគត​ខ្ញុំ​ហើយ។ ​នៅ​ពេល​នេះ វា​មិន​មាន​ន័យ​អ្វី​ទេ​សម្រាប់​ខ្ញុំ ​ព្រោះ​យើង​ត្រូវ​ការ​សម្រាក​ដើម្បី​បំបាត់​ទុក្ខ​នេះ​សិន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT