គ្រូ​បង្វឹក​ព័រទុយហ្គាល់​ថា​ជា តិចនិក ​ក្រុម​ដែល​ត្រូវ​ទុក Ronaldo ​អង្គុយ​បម្រុង​

​លោក Fernando Santos ​គ្រូ​បង្វឹក​របស់​ក្រុម​ព័រទុយហ្គាល់​បាន​អះអាង​ថា​ការ​មិន​ដាក់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ឱ្យ​ចូល​លេង​នៅ​យប់មិញ​នេះ ​គឺ​ដោយសារ​តែ​ជា​បច្ចេកទេស​របស់​ក្រុម​ដើម្បី​យក​ឈ្នះ​ស្វីស​។

​ព័រទុយហ្គាល់​បាន​ទុក​ឱ្យ Ronaldo ​អង្គុយ​កៅអី​បម្រុង ​មិន​អាច​ជាប់​ជម្រើស​១១​នាក់​ដំបូង​បាន​ទេ​ក្នុង​ការ​ប្រកួត​ដែល​ពួកគេ​លត់​ក្រុម​ស្វីស​បាន ៦-១។ ​ស្រប​ពេល​កីឡាករ​វ័យ​ក្មេង Goncalo Ramos ​ដែល​ជា​អ្នក​លេង​តំណែង​ជំនួស Ronaldo ​នោះ​ក៏​ធ្វើ​បាន​ល្អ​ថែម​ទៀត។ ​ខ្សែ​ប្រយុទ្ធ​វ័យ​២១​ឆ្នាំ​បាន​រក​៣​គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ប្រកួត​មួយ​នេះ ​ហើយ​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​ជាង​គេ​ដែល​ធ្វើ​បាន​ហែកទ្រីក​ក្នុង​ការ​ប្រកួត World Cup ​ផង​ដែរ។

​ចំពោះ​ហេតុផល​ដែល​លោក Santos ​មិន​ដាក់ Ronaldo ​ឱ្យ​លេង​ជម្រើស​ដំបូង ​ត្រូវ​បាន​អ្នកចាត់ការ​រូប​នេះ​អះអាង​ថា​ដោយសារ​ហេតុផល​បច្ចេកទេស​ប៉ុណ្ណោះ។ ​ក្រុម​ត្រូវ​ការ​គ្រប់គ្រង​ការ​ប្រកួត​នេះ​ឱ្យ​បាន​ច្រើន និង​ធ្វើ​ឡើង​តាំង​ពី​បើក​ឆាក​តែ​ម្ដង ដូច្នេះ​ហើយ​ទើប​លោក​សម្រេច​ចិត្ត​ដាក់ Ronaldo ​អង្គុយ​បម្រុង​សិន។ ​លោក Santos ​បាន​អះអាង​ទៀត​ថា​លោក​ជាមួយ Ronaldo ​មិន​មាន​បញ្ហា​អ្វី​នឹង​គ្នា​ឡើយ។ ពួកគេ​ស្គាល់​គ្នា​ច្បាស់ ​និង​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT