សុទ្ធ​តែ​ត្រៀម​ប៉េណាល់ទី​១​ឆ្នាំ​មុន តែ​ចុង​ក្រោយ​អេស្ប៉ាញ​ប៉េណាល់ទី​ចាញ់​ម៉ារុក ៣-០​

​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ World Cup 2022 ​នេះ​ហើយ ​ក្រោយ​ពី​ប៉េណាល់ទី​ចាញ់​ក្រុម​ម៉ារុក ៣-០។

​ម៉ារុក​ពិត​ជា​ធ្វើ​ឱ្យ​កក្រើក​ព្រឹត្តិការណ៍ World Cup 2022 ​នេះ​មែនទែន។ ពួកគេ​លេង​មិន​ទាន់​ស្គាល់​ពា្យ​ថា​ចាញ់​ឡើយ ​ជា​ពិសេស​ចុង​ក្រោយ​បិទ​អេស្ប៉ាញ​បាន ​០-០ ​ដើម្បី​អូស​ឱ្យ​ដល់​វគ្គ​ប៉េណាល់ទី​ថែម​ទៀត។ ​នៅ​វគ្គ​នោះ​ហើយ ​ក្រុម​ម៉ារុក​កាន់​តែ​ធ្វើ​បាន​ល្អ ស៊ុត​ចូល​ដល់​ទៅ​៣​គ្រាប់ និង​អ្នកចាំទី​របស់​ពួកគេ​សង្គ្រោះ​បាល់​អេស្ប៉ាញ​បាន​៣​គ្រាប់​វិញ​ថែម​ទៀត។ ​ចប់​ការ​ប្រកួត​ម៉ារុក​ប៉េណាល់ទី​ឈ្នះ​អេស្ប៉ាញ​ក្នុង​លទ្ធផល ៣-០។

​ការ​ធ្វើ​មិន​បាន​ល្អ​សោះ​នៅ​វគ្គ​ប៉េណាល់ទី​នេះ​ហើយ ទើប​បាន​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​រិះ​គន់​ច្រើន ព្រោះ​លោក Luis Enrique ​ដែល​ជា​គ្រូ​បង្វឹក​អេស្ប៉ាញ​បាន​និយាយ​មុន​ការ​ប្រកួត​ថា​លោក​ឱ្យ​កីឡាករ​ត្រៀម​ទាត់​ប៉េណាល់ទី​និង​ហាត់​ឱ្យ​បាន​ដល់​១​ពាន់​ដង​ឯ​ណោះ។ តែ​ចុង​ក្រោយ ទាត់​៣​ជើង ​មិន​ចូល​ទាំង​៣​ជើង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT