លន បញ្ញា ​ថា​ខ្លួន​ត្រូវ​ភាគី​ថៃ​បោក​ប្រាស់​រឿង​ប្រាក់​រង្វាន់​១សែន​បាត ទៅ​ជា​១​ម៉ឺន​បាត​

​អ្នក​ប្រដាល់​កម្ពុជា លន បញ្ញា ​បាន​ធ្វើ​ឱ្យ​កក្រើក​សង្វៀន Mas Fight នៅប្រទេស​ថៃ ​ក្រោយ​ពី​ផ្ដួល​កីឡាករ​ថៃ​ឱ្យ​សន្លប់ ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​រហូត​ដល់​១​សែន​បាត​ផង​ដែរ។

​តែ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ទៅ ​កីឡាករ​កម្ពុជា​​ខាង​លើ​ហួស​ចិត្ត​ខ្លាំង​រហូត​ដល់​បង្ហោះ​លើ​បណ្ដាញ​សង្គម និង​បាន​ចោទ​ថា​ខាង Mas Fight មិន​គោរព​តាម​សន្យា​ឡើយ ពោល​គឺ​រូបគេ​មិន​ទទួល​បាន​១​សែន​បាត​ទេ តែ​បាន​១​ម៉ឺន​បាត​ទៅ​វិញ។ កត្ដា​នេះ​ហើយ ទើប​ធ្វើ​ឱ្យ បញ្ញា ហួស​ចិត្ត ​រក​អី​និយាយ​មិន​ចង់​ចេញ​នោះ​ទេ។

​លន បញ្ញា ​បាន​និយាយ​ថា​៖ “ម្រាបសួរ​បង​ប្អូន ថ្ងៃ​នេះ មានរឿង​ចង់​និយាយ​បន្តិច។ មិញ​នេះ ខ្ញុំ​បាន​ប្រកួត​ឈ្នះ​កីឡាករ​ថៃ នៅ​លើ​សង្វៀន Mas Fight ១ទឹក​៩នាទី។ មុន​ដំបូង​គេ​ (ភាគី​ថៃ) ថា ប្រាក់រង្វាន់​១សែន​បាត បើ​វ៉ៃ​ឱ្យ​សន្លប់ ហើយ​ពេល​យើង​វ៉ៃ​ឱ្យ​សន្លប់ ឃើញ​ស្លាក​រង្វាន់​​ ដែល​គេ​ប្រគល់​ឱ្យ​ខ្ញុំ គឺ​​១សែន​បាត​មែន ប៉ុន្តែ​ពេល​បើកលុយ​ឱ្យ​ពិត​ប្រាកដ​ គឺ​១ម៉ឺន​បាតទេបងប្អូន គឺ​ស្មើ​នឹង​១​៣០០០០០​រៀលហ្នឹង បាក់ទឹក​ចិត្តស្តូក”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT