Messi ជា​កីឡាករ​ដើរ​ច្រើន​ជាងគេលំដាប់ទីពីរនៅ World Cup តែ​ការ​ពិត​បង្កប់​តាក់តិច​ពិសេស​នេះ

មិន​ប្រាកដ​ថា​កីឡាករ​សកម្ម​ខ្លាំង រត់​ច្រើន​លើ​ទីលាន សុទ្ធ​តែ​ជោគជ័យ អាច​បង្កើត​ផ្លែផ្កា​ក្នុង​ការ​ប្រកួត​នោះ​ទេ ព្រោះ​ពេល​ខ្លះ​ជ័យជម្នះ គឺ​ទាមទារ​ទេពកោសល្យ ភាព​ឈ្លាសវៃ និង​ការ​ចេះ​រៀបចំ​តាក់តិច ឬ​យុទ្ធសាស្ត្រ​ផ្អែក​តាម​គូ​ប្រជែងនីមួយៗ​ដែល​យើង​ត្រូវ​ជួប។

ដូច Lionel Messi ​បច្ចុប្បន្ន​ជា​កីឡាករ​រកបាន ៣ គ្រាប់​ខ្ពស់​បំផុត​លំដាប់​ទី​ពីរ បន្ទាប់​ពី Mbappe នៅ World Cup សារ​នេះ រួច​ជម្រើស​ជាតិ​អាហ្សង់ទីន​ក៏​បាន​ឡើង​ទៅ​ដល់​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ហើយ​ដែរ។ តែ​យ៉ាង​ណា​បើ​ទៅ​មើល​ស្ថិតិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ បែរ​ជា​ឃើញ​ថា Messi រមែង​ដើរ​ច្រើន​រាប់សិបពាន់ម៉ែត្រ​ក្នុង​ការ​ប្រកួត​ទៅ​វិញ។

តាម​ការ​វាយ​តម្លៃ​ពី BBC យើង​ធ្វើ​ការ​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ដើរ​ច្រើន​បំផុត​ក្នុង​ការ​ប្រកួត​ទាំង ១០ លើក ហើយ​មាន​ឈ្មោះ Messi ដល់​ទៅ ៣ លើក​ឯ​ណោះ។ យ៉ាង​ណា​បន្ទាប់​ការ​រៀបរាប់ CTS Sports ក៏​នឹង​លើក​បង្ហាញ​ហេតុផល​ដែល​បុរស​វ័យ ៣៥ ឆ្នាំ រមែង​តែង​ដើរ​នៅ​លើ​ទីលាន៖

១០) កីឡាករ​ស្វីស Ricardo Rodriguez ដើរ​ចម្ងាយ ៤ ៦២១ ម៉ែត្រ​ នៅ​ប្រកួត​ទល់​ស៊ែប៊ី
៩) កីឡាករ​អាហ្សង់ទីន Lionel Messi ដើរ​ចម្ងាយ ៤ ៦២៧ ម៉ែត្រ នៅ​ប្រកួត​ទល់​អារ៉ាប៊ីសាអ៊ូឌីត
៨) កីឡាករ​អាហ្សង់ទីន Cristian Romero ដើរ​ចម្ងាយ ៤ ៦៦៩ ម៉ែត្រ នៅ​ប្រកួត​ទល់​ប៉ូឡូញ
៧) កីឡាករ​អារ៉ាប៊ីសាអូឌីត Mohamed Kanno ដើរ​ចម្ងាយ ៤ ៧០០ ម៉ែត្រ ​នៅ​ប្រកួត​ទល់​ប៉ូឡូញ
៦) កីឡាករ​ស៊ែប៊ី Aleksandar Mitrovic ដើរ​ចម្ងាយ ៤ ៧១៦ ម៉ែត្រ ​នៅ​ប្រកួត​ទល់​ស្វីស
៥) កីឡាករ​អាហ្សង់ទីន Lionel Messi ដើរ​ចម្ងាយ ៤ ៧៣៦ ម៉ែត្រ ​នៅ​ប្រកួត​ទល់​ប៉ូឡូញ
៤) កីឡាករ​ប៉ូឡូញ Robert Lewandowski ដើរ​ចម្ងាយ ៤ ៨២៩ ម៉ែត្រ ​នៅ​ប្រកួត​ទល់​អាហ្សង់ទីន
៣) កីឡាករ​ហ្គាណា Mohammed Salisu ដើរ​ចម្ងាយ ៤ ៨៣៣ ម៉ែត្រ នៅ​ប្រកួត​ទល់​អ៊ុយរុយហ្គាយ
២) កីឡាករ​អាហ្សង់ទីន Lionel Messi ​ដើរ​ចម្ងាយ ៤ ៩៩៨ ម៉ែត្រ នៅ​ប្រកួត​ទល់​ម៉ិកស៊ីកូ
១) កីឡាករ​ប៉ូឡូញ Robert Lewandowski ​ដើរ​ចម្ងាយ ៥ ២០២ ម៉ែត្រ ​នៅ​ប្រកួត​ទល់​អារ៉ាប៊ីសាអ៊ូឌីត

មិន​ច្បាស់​ពី​របៀប​លេង​នៃ​កីឡាករ​ដទៃ ថា​ហេតុអ្វី​បាន​ដើរ​ច្រើន​ជាង​រត់ តែ​បើ​សម្រាប់ Lionel Messi ត្រូវ​បាន​អ្នកចាត់ការ​លោក Pep Guardiola បង្ហើប​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ថា​វា​គឺ​ជា​យុទ្ធសាស្ត្រ​សន្សំ​កម្លាំង ក៏​ដូច​ជា​សិក្សា​ពី​ចន្លោះ​ប្រហោង​របស់​គូ​ប្រជែង ពោល​មិន​មាន​ជា​ភាព​ខ្ជិល ឬ​ការ​ធុញទ្រាន់​នឹង​ការ​ប្រកួត​អ្វី​នោះ​ទេ។

គ្រូ​បង្វឹក ធ្លាប់​ដឹកនាំ Messi លើក​ពាន UCL ២ សម័យ​កាល​នៅ​ Barcelona បាន​លើក​ឡើង​យ៉ាង​ដូច្នោះ​ថា៖ “ឃើញ​គេ​ដើរ តែ​ខួរក្បាល​គេ​នៅ​តែ​ផ្សារភ្ជាប់​ទៅ​សកម្មភាព​លើ​ទីលាន ចាំ​សង្កេត​មើល​ក្បាល​របស់​គេ ងាក​ឆ្វេង ងាក​ស្តាំ គេ​សិក្សា​មើល​ពី​ចន្លោះ​ប្រហោង​របស់​ជញ្ជាំង​ការពារ​ក្រោម​ទាំង ៤ ហើយ​ចាំ​មើល​ចុះ​ក្រោយ ៥ ឬ ១០ នាទី ពេល​គេ​គូរ​បាន​ផែនការណ៍​ជាក់លាក់​ណា​មួយ គេ​ក៏​នឹង​ដឹង​ច្បាស់ ថា​ត្រូវ​បន្លាស់​ទី​ទៅ​ទីតាំង​ណា ដើម្បី​មាន​ឱកាស​វាយ​សម្រុក​ច្រើន”។

គួរ​ឲ្យ​ដឹង​ដែរ​ថា នៅ World Cup ទាំង ៥ សម័យ​កាល​ដែល Messi បាន​ឈរ​ជើង សរុប​រក​បាន ៩ គ្រាប់​ហើយ នាំ​មុខ ១ គ្រាប់​លើ Cristiano Ronaldo និង​កំពុង​ស្មើ​គ្រាប់​បាល់​នឹង Kylian Mbappe។ យ៉ាង​ណា​បើ​ធៀប​នឹង​កីឡាករ​មាន​គ្រាប់​បាល់​ច្រើន​បំផុត គឺ​អតីត​កីឡាករ​អាល្លឺម៉ង់ Miroslav Klose នៅ​ចាញ់​ដល់ ៧ គ្រាប់​ឯ​ណោះ។ នេះ​គឺ​ជា​ World Cup លើក​ចុង​ក្រោយ​របស់​កីឡាករ​អាហ្សង់ទីន ហើយ​បន្ត​ទៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ពួក​គេ​ត្រូវ​ប៉ះ​ហូឡង់ នៅ​ថ្ងៃ​ទី ០៩ ​ធ្នូ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT