អ្នកគាំទ្រនិយាយបែបណាខ្លះ ក្រោយឃើញ Jules Kounde ពាក់ខ្សែកលេងទល់នឹងប៉ូឡូញ?

ខ្សែការពារបារាំង Jules Kounde ត្រូវបានគេប្រទះឃើញពាក់ខ្សែកមាសអំឡុងពេលការប្រកួត World Cup ជុំទី ១៦ របស់ពួកគេជាមួយប៉ូឡូញ ហើយអ្នកគាំទ្រកំពុងសួរសំណួរដូចគ្នានេះ។ តើវាពិតជាអនុញ្ញាតទេ?

ខ្សែការពារកណ្តាលវ័យ ២៤ឆ្នាំដែលបានបង្ហាញខ្លួនក្នុងការប្រកួតចំនួន ៣ដងនៅ World Cup រដូវរងារនេះអាចត្រូវបានគេមើលឃើញថាពាក់ខ្សែកមាសពេញមួយតង់ទីមួយនៃការប្រកួតកាលពីថ្ងៃអាទិត្យនៅឯកីឡដ្ឋាន Al Thumama។

ទីបំផុតនៅនាទីទី ៤១ អាជ្ញាកណ្តាល Jesus Valenzuela បានណែនាំ Kounde ឱ្យដោះខ្សែកចេញ ហើយភ្លាមៗនោះ សមាជិកម្នាក់នៃបុគ្គលិកផ្នែកខាងក្រោយរបស់បារាំងបានហៅ Kounder ចេញមកដោះខ្សែកនោះ។ 

ដូច្នេះតើវាត្រូវបានអនុញ្ញាតទេ? សៀវភៅណែនាំច្បាប់ IFAB នៃការប្រកួតបានបញ្ជាក់យ៉ាងច្បាស់ថាកីឡាករមិនត្រូវប្រើឧបករណ៍ ឬពាក់របស់ណាដែលមានគ្រោះថ្នាក់នោះទេ។

នៅក្រោមផ្នែកសុវត្ថិភាពបានចែងថា៖ “រាល់គ្រឿងអលង្កា (ខ្សែក ចិញ្ចៀន កងដៃ ក្រវិល ខ្សែស្បែក ខ្សែកៅស៊ូ។ល។) ត្រូវបានហាមឃាត់ ហើយត្រូវតែយកចេញ។ ការប្រើអ្វីមួយមកបិទបាំងគ្រឿងអលង្ការមិនត្រូវបានអនុញ្ញាតនោះទេ។”

“កីឡាករត្រូវតែត្រូវបានត្រួតពិនិត្យមុនពេលចាប់ផ្តើមការប្រកួត និងកីឡាករបម្រុង មុនពេលពួកគេចូលទីលានប្រកួត។”

“ប្រសិនបើកីឡាករពាក់ ឬប្រើប្រាស់ឧបករណ៍ ឬគ្រឿងអលង្ការដែលគ្មានការអនុញ្ញាត/គ្រោះថ្នាក់ អាជ្ញាកណ្តាលត្រូវបញ្ជាឱ្យកីឡាករទាំងនោះ”៖

• ដកវត្ថុទាំងឡាយនោះចេញ

• ចាកចេញពីទីលានប្រកួតនៅពេលម៉ោងឈប់បន្ទាប់ ប្រសិនបើកីឡាករមិនអាចដកវាចេញ ឬមិនចង់ធ្វើតាម

ភ្លាមៗបន្ទាប់ពីខ្សែករបស់គាត់ត្រូវបានគេប្រទះឃើញនៅលើកញ្ចក់ទូរទស្សន៍ អ្នកគាំទ្រជាច្រើនបានចូលបណ្តាញសង្គមដើម្បីប្រតិកម្ម។

ម្នាក់បាននិយាយថា៖ “Kounde ពាក់ខ្សែក។ តើវាមិនខុសច្បាប់ទេ?”

ខណៈ​ដែល​ម្នាក់​ទៀត​បាន​និយាយ​ថា៖ “តើ​កីឡាករ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ពាក់​ខ្សែ​ក​អំឡុង​ពេល​ប្រកួត​ដែរ​ឬ​ទេ? Kounde ពាក់វាបាន”។

អ្នកទីបីបានសរសេរថា៖ “Kounde ចូលប្រកួតជាមួយខ្សែក។ នោះជាលើកដំបូងហើយ។ ខ្ញុំមិនដែលឃើញកីឡាករបាល់ទាត់ពាក់ខ្សែកក្នុងពេលប្រកួតពីមុនមកទេ”។

អ្នកទីបួនបានបញ្ចេញយោបល់ថា៖ “តើគ្មានអ្នកណាធ្វើការងារត្រួតពិនិត្យអ្វីនោះទេ។ តើ Kounde អាចពាក់ខ្សែកនៅក្នុងការប្រកួតបានយ៉ាងដូចម្តេច?”​

បញ្ហាដ៏ធំនៅត្រង់ថា គេមិនបានត្រួតពិនិត្យគ្រប់ជ្រុងជ្រោយទេ ទើបបណ្តោយឲ្យ Kounde ពាក់លេងអស់ ៤០នាទី ទើបអាជ្ញាកណ្តាលបញ្ជាឲ្យដោះខ្សែកនោះចេញ៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT