ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន នឹងត្រូវប៉ះជាមួយក្រុមក្រូអាតនៅម៉ោង១០យប់នេះហើយ ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ FIFA World Cup 2022 ។
ជប៉ុន មុនឡើងមកដល់វគ្គ១៦ក្រុមចុងក្រោយនេះ ពួកគេបានបង្កភាពភ្ញាក់ផ្អើលម្ដងមកហើយនៅវគ្គចែកពូល ដោយយកឈ្នះអាល្លឺម៉ង់ និងអេស្ប៉ាញបាន។ ការធ្វើបានល្អក្នុងជំនួបទល់ក្រុមខ្លាំងៗនៅអឺរ៉ុបនេះហើយ ទើបបានជាការប៉ះក្រុមក្រូអាតធ្វើឱ្យជប៉ុន មានទំនុកចិត្តថានឹងអាចបង្កភាពភ្ញាក់ម្ដងទៀតនៅរាត្រីនេះ។ ក្រុមខ្លាំងនៅអាស៊ី រំពឹងថានឹងបង្កើតប្រវត្តិថ្មីមួយទៀតឱ្យពលរដ្ឋជប៉ុន។
ខ្សែការពារ Takehiro Tomiyasu របស់ក្រុមជម្រើសជាតិជប៉ុន បាននិយាយមុនការប្រកួតថា៖ “ក្រូអាតមានកីឡាករលេងតំបន់បម្រើបានល្អ ជាពិសេសបម្រើទាំង៣របស់ពួកគេ Modric, Kovacic និង Brozovic ។ ច្បាស់ណាស់ វាមិនមែនជាការប្រកួតងាយស្រួលនោះទេ ប៉ុន្តែយើងក៏មានសមត្ថភាពគ្រប់គ្រាន់ក្នុងការយកឈ្នះពួកគេបានដែរ។ រឿងសំខាន់បំផុត គឺការទំនុកចិត្តលើសមត្ថភាពខ្លួនឯង”៕