កីឡាករវ័យក្មេង ង៉ែត លីទី ដែលមានបទពិសោធន៍បាល់ទាត់ក្នុង និងក្រៅប្រទេស បានបញ្ចប់រដូវកាល ២០១៨ ជាមួយនឹងក្លិបក្រសួងការពារជាតិ ដោយសមិទ្ធិផលល្អៗជាច្រើន បើទោះបីជារូបគេទទួលបានឱកាសបង្ហាញសមត្ថភាព និងហ្វឹកហាត់ជាមួយក្រុមត្រឹមតែរយៈពេលខ្លីក៏ដោយ។
ឆ្លើយប្រាប់ក្រុមការងារ CTS Sport លីទី បានរៀបរាប់ថា៖ « ខ្ញុំមកក្រសួងការពារជាតិ គឺត្រឹមពាក់កណ្តាលរដូវកាល (៣ខែ) តែបានធ្វើឱ្យខ្ញុំទទួលបានចំណេះដឹងល្អៗជាច្រើនបន្ថែមទៀតពីបាល់ទាត់ ពង្រឹងសមត្ថភាពជាងមុន ពិសេសគឺក្រុមគ្រូបង្វឹក ផ្តល់យោបល់ល្អៗ ហើយផលវិបាកវិញ មានតែមួយគត់គឺរបួស ពេលមកដល់បាន ២សប្តាហ៍
និងលេងលើកដំបូង » ។
កីឡាករដដែលរូបនេះ បានបង្ហាញថា ការលេងនៅក្នុងលីគកំពូលកម្ពុជា គឺមានផលលំបាកខ្លាំងចំពោះការរកគ្រាប់បាល់ ដែលវាមិនមែនជារឿងងាយស្រួលដូចការគិតរបស់គេនោះទេ ។ និយាយបែបនេះ ក៏ព្រោះថា ង៉ែត លីទី ទទួលបានការបង្ហាញខ្លួន ៥ប្រកួត ក្រោមការដឹកនាំរបស់គ្រូបង្វឹកក្រសួងការពារជាតិ លោក ភា សុភ័ត្រ្តា ខណៈដែល
រូបគេរកគ្រាប់បាល់បាន ២គ្រាប់ ( ១គ្រាប់ក្នុងលីគ និង ១គ្រាប់ទៀតនៅ Hun Sen Cup ដែលជួយឱ្យទ័ព ឈ្នះពានកាលពីថ្មីៗនេះ ) ។
ជាការប្តេជ្ញាចិត្ត លីទី ថារូបគេនឹងព្យាយាមហ្វឹកហាត់បង្កើនសមត្ថភាពឱ្យបានខ្លាំងថែមទៀត ត្រៀមសម្រាប់រដូវកាលថ្មី នៅដើមឆ្នាំ ២០១៩ខាងមុខ ដើម្បីឱ្យចៀសឆ្ងាយពីការរងរបួសដូចរដូវកាលចាស់នេះទៀត ។
គួរបញ្ជាក់ថា កីឡាករកម្ពុជារូបនេះ ទើបតែចាកចេញពីលីគលំដាប់ទី ៤ របស់ប្រទេសថៃប៉ុណ្ណោះ កាលពីពាក់កណ្តាលឆ្នាំ ២០១៨នេះ ពោលគឺនៅក្លិប Chanthaburi FC ៕