Mbappe ​រក​គ្រាប់​បាល់នៅ​​ World Cup ​បាន​ច្រើន​ជាង Ronaldo ​និង Maradona ​ទៀត​

​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​បាន​បង្កើត​កំណត់ត្រា​មួយ​ទៅ​ហើយ ​ដោយ​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​នៅ​ព្រឹត្តិការណ៍ FIFA World Cup ​បាន​ច្រើន​ជាង Cristiano Ronaldo ​និង Diego Maradona ​ទៅ​ទៀត។

​Mbappe ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​ប៉ូឡូញ ដែល​បារាំង​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ​៣-១។ ​បន្ថែម​២​គ្រាប់​នេះ​ទៀត ​ធ្វើ​ឱ្យ​រូបគេ​រក​បាន​ដល់​ទៅ​៥​គ្រាប់​ហើយ​នៅ World Cup 2022 ​នេះ​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ ហើយ​បើ​បូក​ទាំង​៤​គ្រាប់​ដែល​គេ​ធ្វើ​បាន​នៅ World Cup 2018 ​ទៀត​នោះ Mbappe ​រក​បាន​នៅ World Cup ​ចំនួន​៩​គ្រាប់​ទៅ​ហើយ។ ​នេះ​ជា​ចំនួន​ច្រើន​ជាង Ronaldo ​និង Maradona ​ធ្វើ​បាន​ទៅ​ទៀត ព្រោះ​ខ្សែ​ប្រយុទ្ធ​២​នាក់​នេះ​នៅ World Cup ​រក​បាន​ត្រឹម​៨​គ្រាប់​ប៉ុណ្ណោះ។

កីឡាករ​វ័យ​២៣​ឆ្នាំ ​កំពុង​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​រក​គ្រាប់​បាល់​ជួយ​ក្រុម​បារាំង​បាន​ច្រើន។ ​ចំនួន​៩​គ្រាប់​នេះ​គឺ​ស្មើ​ជាមួយ Lionel Messi ​របស់​ក្រុម​អាហ្សង់ទីន​ដែរ ​ខណៈ​ដែល​គេ​ក្មេង​ជាង​ដល់​ទៅ​១២​ឆ្នាំ ឬ​នៅ​សល់​ការ​ប្រកួត World Cup ​ជា​ច្រើន​លើក​ទៀត។ Mbappe ​នៅ​ជម្រើស​ជាតិ​បារាំង ​សរុប​គ្រាប់​បាល់​គ្រប់​ការ​ប្រកួត ​រក​បាន​៣៣​គ្រាប់​ទៅ​ហើយ​ក្នុង​ការ​លេង​៦៣​ប្រកួត​មក​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT