Foden ​៖ Bellingham ​នឹង​ក្លាយ​ជា​ខ្សែ​បម្រើ​ល្អ​បំផុត​នៅ​លើ​លោក​នេះ​

​កីឡាករ Phil Foden ​បាន​ហៅ​មិត្ត​រួម​ក្រុម Jude Bellingham ​ថា​ជា​កីឡាករ​ឆ្នើម​ម្នាក់ ​និង​ថ្ងៃ​អនាគត​រូបគេ​នឹង​ក្លាយ​ជា​ខ្សែ​បម្រើ​ល្អ​បំផុត​ម្នាក់​នៅ​លើ​លោក​នេះ​ជាក់​ជា​មិន​ខាន។

​កាល​ពី​យប់មិញ​នេះ ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​យក​ឈ្នះ​លើ​ក្រុម​សេណេហ្គាល់​បាន​ដល់​ទៅ ៣-០ ​ឯ​ណោះ។ ​ដោយ​ក្នុង​ការ​ប្រកួត​នោះ​ដែរ ​កីឡាករ​ដែល​គេ​មើល​ឃើញ​ថា​រស់រវើក ​និង​ចែក​បាល់​ដាច់​បាន​ល្អ​ជាង​គេ​នោះ​គឺ Bellingham ​ខាង​លើ​នេះ​ហើយ។ ​ខ្សែ​បម្រើ​វ័យ​ក្មេង​រូប​នេះ ​តែង​ទទួល​បាន​ទំនុក​ចិត្ត​ជា​និច្ច​ពី​លោក Gareth Southgate ​ក្នុង​ការ​ចូល​លេង ​ហើយ​ក៏​មិន​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​បំណង​ផង​ដែរ។

សូម្បី​តែ​មិត្ត​រួម​ក្រុម Foden ​ក៏​បាន​និយាយ​ដែរ​ថា​៖ “ខ្ញុំ​មិន​ចង់​លើក​គាត់​ពេក​ទេ ព្រោះ​គាត់​នៅ​ក្មេង ប៉ុន្តែ​គាត់​ជា​កាដូ​ដ៏​មាន​តម្លៃ​ណាស់​សម្រាប់​ក្រុម​អង់គ្លេស​ដែល​ខ្ញុំ​ធ្លាប់​ឃើញ។ គាត់​គ្មាន​ចំណុច​ខ្សោយ​ទេ​ក្នុង​ការ​ប្រកួត។ ខ្ញុំ​គិត​ថា​គាត់​នឹង​ក្លាយ​ជា​ខ្សែ​បម្រើ​ល្អ​បំផុត​ម្នាក់​នៅ​លើ​លោក​នេះ”។

 

អង់គ្លេស​ក្រោយ​ពី​យក​ឈ្នះ​ក្រុម​សេណេហ្គាល់​បាន​ហើយ ពួកគេ​នឹង​បន្ដ​ទៅ​ប៉ះ​ក្រុម​បារាំង​ទៀត​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ ​ដោយ​នោះ​ទើប​ជា​ការ​ប្រកួត​ស្វិតស្វាញ​ពិត​ប្រាកដ​សម្រាប់​អង់គ្លេស ព្រោះ​ថា​បារាំង​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក ​ហើយ​ទម្រង់​លេង​របស់​ពួកគេ​ក៏​ល្អ​ខ្លាំង​ណាស់​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT