ដ្បិតត្រូវបានអារ៉ាប៊ីសាអ៊ូឌីត បញ្ចប់កំណត់ត្រាមិនស្គាល់ពាក្យថា “ចាញ់” នៅប្រកួតទី ៣៧ ក៏អាហ្សង់ទីននៅតែអាចបត់ជោគវាសនាត្រលប់មកភាពល្អប្រសើរវិញបាន តាមរយៈការឈ្នះ ២ ប្រកួតបន្តបន្ទាប់ យកបាន ៦ ពិន្ទុ ឡើងមកវគ្គ ១៦ ក្រុម ហើយកំណត់ប៉ះអូស្ត្រាលី នៅរាត្រីនេះ។
យ៉ាងណាមានអ្នកគាំទ្រជាច្រើនបានចោទសួរមកកាន់ CTS Sports ដោយឆ្ងល់ថា ហេតុអ្វីនៅប្រកួតថ្ងៃមុន ដែល Lionel Messi បញ្ចប់ទីគ្រាប់បាល់ទល់ម៉ិកស៊ីកូ នៅនាទី ៦៤ បែរជាត្រូវបានសមាគមបាល់ទាត់អាហ្សង់ទីន យករូបភាពអបអរនោះ ទៅកាត់តដាក់ទង់ជាតិបង់ក្លាដេស ហើយបង្ហោះលើគណនីផ្លូវការទៅវិញ។ តើកីឡាករវ័យ ៣៥ ឆ្នាំ មានជាប់ពាក់ព័ន្ធអ្វី នឹងប្រទេសនៅប៉ែកអាស៊ីខាងត្បូងមួយនេះ ធ្លាប់ជាប់សាច់ឈាម ឬក៏មានទំនាក់ទំនងនឹងគ្នាបែបណាដែរ?
ចម្លើយយ៉ាងខ្លីគឺ អាហ្សង់ទីនចង់ផ្ញើជ័យជម្នះនេះ ទៅកាន់អ្នកគាំទ្រជាតិសាសន៍ទីពីររបស់ពួកគេ ដោយក្រៅតែពីប្រជាជនអាហ្សង់ទីនផ្ទាល់ បង់ក្លាដេសគឺជាជាតិសាសន៍បណ្ដុំ ទៅដោយអ្នកគាំទ្រជម្រើសជាតិពួកគេច្រើនបំផុតក្នុងលោក។
នេះជាការទទួលស្គាល់ប្រៀបដូចជាវប្បធម៌មួយក្នុងពិភពបាល់ទាត់ តាំងពីជំនាន់ Diego Maradona ល្បីល្បាញខ្លាំងក្នុងកំឡុងទសវត្សឆ្នាំ ១៩៨០ មកម្ល៉េះ គេតែងចំណាំនិយាយតគ្នាថា បង់ក្លាដេសគឺជាអ្នកគាំទ្រជាតិសាសន៍ទីពីររបស់អាហ្សង់ទីន ហើយប្រជាជនឥណ្ឌា គឺជាអ្នកគាំទ្ររបស់ប្រេស៊ីល។
Lionel Messi 🤜🤛 Bangladesh
🇦🇷🇧🇩
That's it. That's the tweet. pic.twitter.com/5QJBYDIgVD— Liga Profesional Eng (@LigaAFA_Eng) November 28, 2022
នៅរូបភាពមួយសន្លឹកនោះ បង្ហោះចេញដោយគណនីផ្លូវការ សមាគមបាល់ទាត់អាហ្សង់ទីន ហៅកាត់ AFA ដែលបានកាត់បញ្ចូលទង់ជាតិបង់ក្លាដេស ប្រៀបដូចជា Messi បានលើកអបអរនៅការរកគ្រាប់បាល់ ក្នុងព្រឹត្តិការណ៍ FIFA World Cup។ បើទោះបីវាមិនមែនជារូបភាពពិត ត្រឹមជារូបភាពកែច្នៃ តែប្រជាជនបង់ក្លាដេសក៏នៅតែមានក្តីរំភើប អំណរអរគុណជាពន់ពេក ដែលអាហ្សង់ទីនបានចូលរួមចំណែកជួយលើកមុខមាត់ប្រទេសរបស់ពួកគេទៅលើឆាកអន្តរជាតិ តាមរយៈវិស័យបាល់ទាត់។
ដោយឡែកផ្អែកតាមការចែកចាយលើទំព័រ FIFA ក៏បានបង្ហាញពីសកម្មភាពសាទរដូចទឹកបាក់ទំនប់ នៃប្រជាជនបង់ក្លាដេសដែលកំពុងទស្សនាជួបជុំគ្នារាប់ពាន់នាក់ ស្រែកហ៊ោរ សាទរ រត់ឡើងឆាកអបអរគ្រាប់បាល់របស់ Lionel Messi។
This is the power of football ❤️@Argentina fans in Bangladesh celebrating Lionel Messi's goal in the #FIFAWorldCup victory over Mexico last night 🙌🇦🇷pic.twitter.com/HSE6JGGRsw
— FIFA.com (@FIFAcom) November 27, 2022
បញ្ជាក់ឲ្យដឹងដែរថា នេះមិនមែនជាការគាំទ្រធម្មតាៗនោះទេ ជារួមគឺប្រៀបដូចជាវប្បធម៌ ទទួលស្គាល់ពីប្រទេសសងខាង ហើយរៀងរាល់ ៤ ឆ្នាំម្តង ប្រជាជនបង់ក្លាដេស បានត្រៀមលក្ខណៈ រៀបចំសាទរតាមដងវិថី ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា តុបតែងជាទម្រង់ទង់ជាតិ និងមុខមាត់តារាឆ្នើមអាហ្សង់ទីនទៀតផង។
មតិពីប្រជាជនបង់ក្លាដេសមួយរូប ធ្លាប់បានលើកឡើងប្រាប់សារព័ត៌មានយ៉ាងដូច្នោះថា៖ “បង់ក្លាដេសជាប្រទេសដែលស្រលាញ់បាល់ទាត់បំផុត តែយើងពុំមានលទ្ធភាពបង្កើតបានជាក្រុមល្អមួយ ម្ល៉េះយើងសូមផ្ញើក្តីស្រលាញ់ដ៏ធំធេងនេះ តាមរយៈការអបអរសាទរ គាំទ្រជាមួយជម្រើសជាតិអាហ្សង់ទីនផង”។
គួរឲ្យដឹងដែរថា Messi ក៏ធ្លាប់ធ្វើដំណើរមកដល់ប្រទេសនៅទ្វីបអាស៊ីមួយនេះផងដែរ កាលឆ្នាំ ២០១១ គ្រានោះតំណាងឲ្យជម្រើសជាតិអាហ្សង់ទីន ប្រកួតមិត្តភាពទល់នីហ្សេរីយ៉ា នៅរដ្ឋ Dhaka ប្រទេសបង់ក្លាដេស។ តម្លៃសំបុត្រទស្សនាសារនោះ ទាបបំផុតគឺជាង ៦០ ដុល្លារ ជាហេតុនាំឲ្យប្រជាជនបង់ក្លាដេសតិចតួចណាស់ មានលទ្ធភាពអាចទៅចូលរួមទស្សនា ព្រោះអីកម្រិតជីវភាពពួកគេនៅជាង ១០ ឆ្នាំមុន គឺពិបាកខ្លាំង រាប់បានជាប្រទេសដ៏ក្រីក្របំផុតមួយក្នុងសកលលោក៕
ប្រភព៖ បរទេស