គ្រាប់​បាល់​ជប៉ុន ទម្លាក់​អាល្លឺម៉ង់ គឺ​ជា “កម្មផល” សល់​ពី ១២ ឆ្នាំ​មុន​សងឲ្យ​អង់គ្លេស

បើ​មិន​មាន​គ្រាប់​បាល់​នៅ​នាទី ៥១ សម្រេច​បាន​ដោយ Ao Tanaka ម្ល៉េះ​ពេល​នេះ ជប៉ុន​ទេ​ជា​អ្នក​ស្រក់​ទឹក​ភ្នែក ហើយ​អាល្លឺម៉ង់​នឹង​ត្រូវ​ដឹក​ដៃ​អេស្ប៉ាញ​ឡើង​ទៅ​វគ្គ​បន្ទាប់ តាម​រយៈ​ការ​ឈ្នះ​គ្រាប់​បាល់​ចំណេញ ដ្បិត​ត្រូវ​មាន ៤ ពិន្ទុ​ស្មើ​ក្នុង​ពូល E។ តែ​យ៉ាង​ណា​លទ្ធផល​បែរ​ផ្ទុយ​ស្រឡះ​ពី​ការ​រំពឹង​ទុក នាំ​ឲ្យ​អាល្លឺម៉ង់​ហាល​អាវ​ទាំង​មិន​អស់​ចិត្ត ដ្បិត​អី​បាន​ខំ​ប្រឹង​ខ្លាំង​ណាស់​ដែរ ដល់​យក​ឈ្នះ ៤-២ ទៅ​លើ​កូស្តារីកា។

ក្នុង​អត្ថបទ​នេះ CTS Sports នឹង​ធ្វើ​ការ​ពន្យល់​អំពី​ការ​សម្រេច​របស់ FIFA លើ​គ្រាប់​បាល់​ចម្រូងចម្រាស ដែល​ជប៉ុន​អាច​យក​ ៣ ពិន្ទុ​ពី​អេស្ប៉ាញ ក៏​ដូច​ជា​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផ្សេង​ទៀត គឺ​ការ​សាទរ​របស់​អ្នក​គាំទ្រ​អង់គ្លេស​ថា​វា​ជា “កម្មផល” ដែល​អាល្លឺម៉ង់​ត្រូវ​ទទួល ក្រោយ​ធ្លាប់​ធ្វើ​ដាក់​អង់គ្លេស​កាល​ពី ១២ ឆ្នាំ​មុន។

ចំពោះ​គ្រាប់​បាល់​ទី​ពីរ​របស់​ជប៉ុន បើ​មើល​មួយ​ភ្លែត គិត​ថា​បាល់​នោះ​ចេញ​ផុត​ខ្សែ​បន្ទាត់​ហើយ រួច​ការ​មក​ព្យាយាម​ថ្ពក់​បាល់​ចូល​មក​វិញ ពី​សំណាក់​កីឡាករ Kaoru Mitoma មុន Ao Tanaka បញ្ចប់​ទី​បាន​សម្រេច គឺ​មិន​សម​ជា​គ្រាប់​បាល់​ផ្តល់​ឲ្យ​ឡើយ។

យ៉ាង​ណា​ក្រោយ​ចាយ​ពេល​មួយ​ស្របក់​ឆែក​ប្រព័ន្ធ​ជំនួយ VAR ក៏​សម្រេច​ឃើញ​ថា វា​ជា​គ្រាប់​បាល់​ពេញ​លក្ខណៈ ពោល​មិន​មាន​ការ​ខុស​ឆ្គង​ណា​មួយ​ឡើយ។ នោះ​ក៏​អរគុណ​ទៅ​ដល់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប Goal Line Technology និង​ប្រព័ន្ធ​ជំនួយ​កាមេរ៉ា​ជា​ច្រើន​គ្រាប់​នៅ​ក្នុង​កីឡដ្ឋាន ដែល​បាន​បាញ់​សំដៅ​ទៅ​គ្រប់​ចលនា​របស់​បាល់ ហើយ FIFA មិនមែន​មើល​តែ​មុំ​នៃ​កាមេរ៉ា​បង្ហាញ​មួយ​ដូច​ភ្នែក​របស់​អ្នក​គាំទ្រ​នោះ​ទេ ជា​រួម​គឺ​មើល​គ្រប់​មុំ​ទាំង​អស់ រហូត​រក​ឃើញ​ថា សាច់​កោង​នៃ​បាល់​គឺ​ពិត​ជា​នៅ​ជាប់​លើ​គំនូស​ខ្សែ​បន្ទាត់​ពិត​មែន។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អតីត​អាជ្ញាកណ្ដាល​នៅ Premier League លោក Peter Walton ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា ការ​សម្រេច​របស់ FIFA គឺ​ជា​រឿង​ត្រឹមត្រូវ ក្រោយ​ឆ្លង​កាត់​អំណះអំណាង​និង​មាន​ភស្តុតាង​ទិន្នន័យ​រូបភាព​ច្បាស់លាស់។ ផ្ទុយ​ទៅ​វិញ បើ​ក្នុង​ស្ថានភាព​ដែល​ចលនា​បាល់​ពេល​នោះ ​ត្រូវ​បាន​បាំង​ដោយ​ខ្មង​ជើង ឬ​ស្បែក​ជើង​របស់​កីឡាករ ហើយ​នាំ​ឲ្យ​កាមេរ៉ា​គ្រប់​ជ្រុង​លើ​ទីលាន​មិន​អាច​ចាប់​រូបភាព​បាន ម្ល៉េះ​ក៏ VAR នឹង​ឆ្លើយតប​មក​វិញ​ថា “ប្រព័ន្ធ​មិន​អាច​ផ្តល់​ការ​សម្រេច​ណា​មួយ​បាន​ឡើយ ម្ល៉េះ​ទុក​សិទ្ធ​ឲ្យ​អាជ្ញាកណ្ដាល​លើ​ទីលាន​ជា​អ្នក​សម្រេច”។

ដោយឡែក​ងាក​ទៅ​អ្នក​គាំទ្រ​អង់គ្លេស ពួក​គេ​បែរ​ជា​សាទរ​ការ​ដែល​ឃើញ​អាល្លឺម៉ង់​ធ្លាក់ ជប៉ុន​ឡើង ព្រោះ​វា​ជា “កម្មផល” ដោយ​រំឭក​ទៅ​កាល​ ១២ ឆ្នាំ​មុន នៅ World Cup 2010 បើ​មាន VAR និង​បច្ចេកវិទ្យា​ទំនើប​ដូច​សព្វថ្ងៃ ម្ល៉េះ​ជម្រើស​ជាតិ​តោ​កំណាច​អង់គ្លេស ក៏​នឹង​ទទួល​បាន​ភាព​យុត្តិធម៌​ត្រឹមត្រូវ​ជាក់​ជា​មិន​ខាន។

កាល​វគ្គ ១៦ ក្រុម World Cup នៅ​ឯ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ​អាល្លឺម៉ង់​បាន​នាំ​មុខ​មុន ២-០ តែ​នៅ​នាទី ៣៧ ប៉ុន្មាន​នាទី​ជាប់ អង់គ្លេស​អាច​រក​បាន​គ្រាប់​បាល់​តាម​ស្មើ មួយ​គ្រាប់​ដំបូង​ពី Matthew Upson ហើយ​គ្រាប់​បាល់​ទី​ពីរ ជា​ការ​ស៊ុត​ក្រៅ​ប្រអប់​របស់ Frank Lampard ទៅ​ប៉ះ​នឹង​បង្គោល​ឡង​ចូល​ទី ផុត​ខ្សែ​បន្ទាត់​ច្បាស់​នឹង​ភ្នែក​ទៅ​ហើយ តែ​អាជ្ញាកណ្តាល​បែរ​មិន​ផ្តល់​ឲ្យ​គ្រាប់​បាល់​នោះ។ លទ្ធផល​បញ្ចប់​ ៩០ នាទី​អាល្លឺម៉ង់ ទម្លាក់​អង់គ្លេស ៤-១។

ចាញ់​ទាំង​មិន​អស់​ចិត្ត​ប្រជាជន​អង់គ្លេស​មាន​ការ​ខឹង​សម្បា​ជា​ខ្លាំង ហើយ​ថា​ពួក​គេ​ទទួល​រង​ភាព​អយុត្តិធម៌ រួច​ត្រលប់​មក​ឆ្នាំ ២០២២ នេះ ជួន​ពេល FIFA មាន​បច្ចេកវិទ្យា​ជំនួយ​ការ​សម្រេច​ចិត្ត​អាជ្ញាកណ្តាល ទំនើបៗ​ជា​ច្រើន ក៏​ជឿ​ថា បើ​វិល​ទៅ ១២ ឆ្នាំ​មុន ម្ល៉េះ​គ្រាប់​បាល់​របស់ Frank Lampard នឹង​ត្រូវ​ផ្តល់​ឲ្យ​ទាំង​គ្មាន​ការ​ស្ទាក់ស្ទើរ។ អ្នក​គាំទ្រ​លើ​បណ្តាញ​សង្គម Twitter បាន​សរសេរ​ថា៖ “នេះ​ជា​កម្មផល សង​ទៅ​គ្រាប់​បាល់ Lampard ដែល​ចូល​ផុត​ខ្សែ​ហើយ នៅ​តែ​មិន​ផ្តល់​ឲ្យ”។ មតិ​ផ្សេង​មួយ​ទៀត​សរសេរ៖ “រង់​ចាំ​រយៈ​ពេល ១២ ឆ្នាំ កម្មផល​កើត​មាន​ពិត​សម្រាប់​អាល្លឺម៉ង់ ទី​បំផុត​យុត្តិធម៌​នៅ​តែ​កើត​មាន​សម្រាប់ Lampard”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT