Ronaldo ​៥០-៥០ ​ថា​បាន​លេង​ឬ​អត់ ទល់​កូរ៉េ​ខាង​ត្បូង​នៅ​រាត្រី​នេះ​ទេ​

​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ​កំពុង​ស្ថិត​នៅ​៥០-៥០ ​ក្នុង​ការ​បាន​ចូល​លេង​នា​ជំនួប​ទល់​ក្រុម​កូរ៉េ​ខាង​ត្បូង​នៅ​រាត្រី​នេះ ដែល​ជា​ជំនួប​បិទ​ពូល H ។

​ប្រធាន​ក្រុម​វ័យ​៣៧​ឆ្នាំ​ខាង​លើ​មិន​បាន​ចូល​ហាត់​ជាមួយ​សមាជិក​ក្រុម​នោះ​ទេ ដោយសារ​តែ​មាន​បញ្ហា​តិច​តួច។ ដូច្នេះ​ការ​ប្រកួត​ទល់​ក្រុម​កូរ៉េ​ខាង​ត្បូង​ក៏​គេ​ទំនង​ជា​មិន​អាច​ចូល​លេង​បាន​ដែរ។ តែ​យ៉ាងណា ​នេះ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​១០០%​នោះ​ទេ ព្រោះ​គ្រូ​បង្វឹក​របស់​ក្រុម​ព័រទុយហ្គាល់​បាន​អះអាង​ថា​វា​ស្ថិត​នៅ ៥០-៥០ ​ប៉ុណ្ណោះ​ថា​តើ​គេ​អាច​លេង​បាន​ឬ​អត់។

​លោក ​Fernando Santos ​បាន​និយាយ​ថា​៖ “យើង​ចាំ​មើល​ទាំង​អស់​គ្នា ព្រោះ​វា​នៅ​៥០-៥០ ​ថា​តើ​គាត់​អាច​លេង​ឬ​អត់។ ​វា​អាស្រ័យ​លើ​គាត់ និង​តាម​ស្ថានភាព​របស់​គាត់​ដែល​យើង​បាន​ឃើញ​ជាក់​ស្ដែង។ ​យើង​ក៏​បាន​ត្រៀម​រួច​រាល់​ហើយ​ដែរ ​ប្រសិន​បើ​គាត់​មិន​បាន​លេង។ ​យើង​ក៏​ចង់​ឱ្យ​កីឡាករ​សម្រាក​ខ្លះ​ដែរ ព្រោះ​ការ​លេង​ជាប់​គ្នា​ពេក អាច​នឹង​ប្រឈម​ការ​របួស​មិន​ខាន”។

​រំលឹក​ថា​ព័រទុយហ្គាល់​បាន​កៅអី​វគ្គ​១៦​ក្រុម​រួច​ទៅ​ហើយ​បន្ទាប់​ពី​ពួកគេ​បាន​យកឈ្នះ​លើ​ក្រុម​ហ្គាណា ​និង​អ៊ុយរុយហ្គាយ ​នៅ​២​ប្រកួត​ដំបូង​មក។ ​ការ​ប៉ះ​កូរ៉េ​ខាង​ត្បូង​នេះ ​ព័រទុយហ្គាល់​ទាមទារ​ត្រឹម​ស្មើ​ក៏​អាច​ឡើង​ទៅ​ជុំ​បន្ដ ជាមួយ​លទ្ធផល​កំពូល​តារាង​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT