Nagatomo ៖​គ្មាន​នរណា​នៅ​លើ​លោក​នេះ ជឿ​ថា​ជប៉ុន​បាន​លេខ​១​ក្នុង​ពូល​នេះ​ទេ

​ខ្សែ​ការពារ​Yuto Nagatomo បាន​និយាយ​ថា​នៅ​លើ​លោក​នេះ​គ្មាន​នរណា​ម្នាក់​ជឿ​ឡើយ​ថា​ជប៉ុន​អាច​ឈរ​នៅ​លេខ​១​ក្នុង​ពូល​ដែល​មាន​ក្រុម​ខ្លាំង​២​គឺ​អេស្ប៉ាញ ​និង​អាល្លឺម៉ង់​នោះ។

​ពិត​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មែន ​ដែល​ជប៉ុន​នៅ World Cup ២០២២ ​នេះ​អាច​យក​ឈ្នះ​ក្រុម​ខ្លាំង​អាល្លឺម៉ង់ ​និង​អេស្ប៉ាញ​បាន ​ហើយ​ថែម​ទាំង​ឈរ​នៅ​កំពូល​តារាង​ក្នុង​ពូល​ថែម​ទៀត។ ​ការ​យក​បាន​៦​ពិន្ទុ​ក្នុង​ពូល​មរណៈ​នេះ​ហើយ ​ធ្វើ​ឱ្យ​កីឡាករ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​កាន់​តែ​មាន​សង្ឃឹម​ច្រើន​ថែម​ទៀត​ក្នុង​ការ​លេង​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ទល់​ក្រុម​ក្រូអាត​នៅ​ថ្ងៃ​ទី​៥​ខែ​ធ្នូ​ឆ្នាំ​២០២២​ខាង​មុខ។

​ចំពោះ​រឿង​ប្រកួត​ក្នុង​ពូល​នេះ​ដែរ ​កីឡាករ​ពោរពេញ​ដោយ​បទ​ពិសោធ គឺ​ខ្សែ​ការពារ Yuto Nagatomo ​បាន​និយាយ​ថា​៖ “គ្មាន​នរណា​ម្នាក់​នៅ​លើ​លោក​នេះ​ជឿ​ថា​ជប៉ុន​អាច​ឈរ​លេខ​១​ក្នុង​ពូល​នេះ​បាន​ទេ។ ​គ្មាន​ឡើយ។ តែ​យើង​ជឿ​ជាក់​លើ​ខ្លួន​ឯង យើង​ជឿ​ជាក់​លើ​សមត្ថភាព​អំឡុង​ការ​ប្រកួត។ យើង​បាន​បង្ហាញ​ពិភព​លោក​ថា​ជប៉ុន​ពិត​ជា​អាច​ធ្វើ​បាន​ពិត​មែន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT