មិន​គួរ​ឱ្យ​ជឿ! ​ជើង​ខ្លាំង​អាល្លឺម៉ង់ ​និង​បែលហ្សិក ហាល​អាវ​ត្រឹម​វគ្គ​ក្នុង​ពូល​ដូច​គ្នា​

​វា​ពិត​ជា​រឿង​មិន​គួរ​ឱ្យ​ជឿ​មែន ​នៅ​ពេល​ក្រុម​ខ្លាំង​នៅ​អឺរ៉ុប​២ ​គឺ​បែលហ្សិក ​និង​អាល្លឺម៉ង់ ​បាន​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​ដូច​គ្នា​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup 2022 ​នៅ​យប់មិញ។

​អាល្លឺម៉ង់​បាន​រង​ការ​ឈឺ​ចាប់​ម្ដង​មក​ហើយ​កាល​ពី World Cup 2018 កន្លង​ទៅ ​ដោយ​ពួកគេ​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​ដែរ។ ​យ៉ាងណាមិញ​នៅ​ឆ្នាំ​២០២២​នេះ ប្រវត្តិសាស្ត្រ​ក៏​បាន​កើត​ឡើង​ម្ដង​ទៀត​លើ​អាល្លឺម៉ង់ ​ពោល​គឺ​ពួកគេ​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​ដែរ បើ​ទោះ​ជា​យប់មិញ​បាន​យក​ឈ្នះ​លើ​ក្រុម​កូស្ដារីកា​ក៏​ដោយ។ ​ការ​ធ្លាក់​នេះ ក៏​ព្រោះ​តែ​អេស្ប៉ាញ​បាន​លេង​ចាញ់​ក្រុម​ជប៉ុន ​ធ្វើ​ឱ្យ​ជប៉ុន​មាន​៦​ពិន្ទុ​ពេញ​ឈរ​នៅ​កំពូល​តារាង ​ហើយ​អេស្ប៉ាញ ​ធ្លាក់​មក​លេខ​២ ​មាន​៤​ពិន្ទុ​ដូច​អាល្លឺម៉ង់​ដែរ តែ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង។

​ក្រឡែក​ទៅ​មើល​ក្រុម​បែលហ្សិក​វិញ ​កាល​ពី​ឆ្នាំ​២០១៨​ជា​យុគសម័យ​មាស​របស់​ពួកគេ​ហើយ ពោល​គឺ​ខ្លាំង​មែនទែន ​មិន​មាន​ក្រុម​ណា​អាច​យក​ឈ្នះ​ពួកគេ​បាន​ងាយ​ៗ​នោះ​ទេ។ តែ​ឈាន​ដល់​ឆ្នាំ​២០២២​នេះ​វិញ ​មាន​ការ​ប្រែប្រួល​ខ្លាំង​មែនទែន។ ​ជាក់​ស្ដែង ​នៅ​យប់មិញ​ក្រោយ​ពី​លេង​ស្មើ​ក្រូអាត ​ក្រុម​មួយ​នេះ​បាន​ធ្លាក់​ទៅ​លេខ​៣​ក្នុង​ពូល ​ហើយ​ក៏​របូត​ឱកាស​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ផង​ដែរ។ ​នេះ​ជា​ការ​ខក​ចិត្ត​មែនទែន​សម្រាប់​អ្នក​គាំទ្រ​បែលហ្សិក​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT