ដោយសារ​រឿង​សក់​វែង Courtois និង De Bruyne អត់​និយាយ​ចូល​គ្នា​រាប់​ឆ្នាំ​ ទោះ​លេង​ឲ្យ​ជម្រើស​ជាតិ​តែ​មួយ

ជម្រើស​ជាតិ​ឈរ​លេខ ២ នៅ FIFA Ranking គឺ​បែលហ្សិក ហាក់​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ នៅ World Cup សារ​នេះ បន្ទាប់​ពី​ចាញ់​ម៉ារ៉ុក ហើយ​ទាមទារ​ឲ្យ​យក​ឈ្នះ​ក្រូអាត​ជា​ចាំ​បាច់ ដើម្បី​ឈោង​យក​កៅអី​ឆ្ពោះ​ទៅ​វគ្គ​ ១៦ ក្រុម។ ​មើល​ពី​ខាង​ក្រៅ គឺ​អាច​ឲ្យ​អ្នក​គាំទ្រ​ដឹង​ច្បាស់​អំពី​ទំនាក់ទំនង​ប្រេះ.ឆា បែកបាក់​សាមគ្គី​រវាង​កីឡាករ​ក្នុង​ក្រុម តួ​យ៉ាង​ដូច​ស្ថានភាព​របស់ Eden Hazard និង Jan Vertonghen ក៏​ដូច​ជា Thibaut Courtois និង Kevin de Bruyne ដែល​ជា​រឿង​អាក់អន់ចិត្ត​គ្នា​ច្រើន​ឆ្នាំ​ហើយ។

តើ​នៅ​ពី​ក្រោយ​នោះ មាន​ដើម​ចម​ប៉ះ​ពាក្យ ឬ​ធ្លាប់​អន់ចិត្ត​នឹង​គ្នា​បែប​ណា​ខ្លះ តុះ​ទៅ​តាមដាន​ជាមួយ CTS Sports នៅ​ខាង​ក្រោម៖

ដើម​ហេតុ​នាំ​ឲ្យ De Bruyne និង Courtois លែង​រាប់អាន​គ្នា បើ​ទោះ​បី​ស្ថិត​ក្នុង​ក្រុម​ជម្រើស​ជាតិ​តែ​មួយ គឺ​ដោយសារ​រឿងរ៉ាវ​ផិត​ក្បត់ កើត​ឡើង​កាល​ពី​ជាង​ ១០ ឆ្នាំ​មុន។ រឿងរ៉ាវ​មួយ​ជ្រុង​ដែល​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ដឹង គឺ​គេ​ចោទ​ថា Courtois ជា​អ្នក​មក​លួច​ដណ្ដើម​យក​មិត្ត​ស្រី​របស់ De Bruyne មាន​ឈ្មោះ Caroline Lijnen តែ​បើ​តាម​ការ​បញ្ជាក់​ពី​ខាង​ស្រី គឺ​ថា​ដោយសារ​ខាង​ប្រុស មាន​ចិត្ត​ក្បត់​មក​លើ​នាង​មុន។

Caroline ធ្លាប់​ប្រាប់​សារព័ត៌មាន​ Sport របស់​បែលហ្សិក​បែប​នេះ​ថា៖ “នៅ​រដូវ​ក្តៅ ឆ្នាំ ២០១២ Kevin បាន​ប្រាប់​ខ្ញុំ ថា​គាត់​មាន​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អតីត​មិត្តភ័ក្ដិ​ជិតស្និទ្ធ​ម្នាក់​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​សួរ​ទៅ​គាត់​ចំៗ ថា​រវាង​ខ្ញុំ និង​នាង​គាត់​រើស​យក​មួយ​ណា”។

“បើ​ទោះ​បី​ខ្ញុំ​បាន​ផ្តល់​ឱកាស​ឲ្យ​គាត់ តែ​ទំនាក់ទំនង​ពួក​យើង​គឺ​លេង​ដូច​មុន​បន្ទាប់​ពី​កើត​រឿង​នោះ​ឡើង ហើយ​រវាង​ខ្ញុំ​និង Thibaut អ្វី​ដែល​គាត់​ផ្តល់​ឲ្យ​ខ្ញុំ ត្រឹម​ពេល​មួយ​យប់ វា​ជា​រឿង​ដែល​ខ្ញុំ​ខកខាន​ទទួល​បាន​ពី Kevin អស់​រយៈ​ពេល ៣ ឆ្នាំ​មក​ហើយ ជាមួយ Thibaut ខ្ញុំ​ជជែក​គ្នា​ឆាប់​ចុះ​សម្រុង គាត់​ក៏​ចេះ​ចម្អិន​ម្ហូប​ឲ្យ​ខ្ញុំ ដែល​រឿង​សាមញ្ញ​ទាំង​អស់ Kevin អត់​ធ្លាប់​ធ្វើ​សម្រាប់​ខ្ញុំ​សោះ​ឡើយ ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​ត្រូវ​បង្ខំចិត្ត​ចែក​ផ្លូវ​គ្នា”។

ហេតុផល​ដូច​បង្ហាញ​ខាង​លើ ទើប​នាំ​ឲ្យ De Bruyne និង Courtois លែង​សូវ​ស្និទ្ធ​គ្នា​ដូច​មុន តែ​ទោះ​ជា​យ៉ាង​ណា​ទី​បញ្ចប់ អ្នក​ទាំង​ពីរ សុទ្ធ​តែ​មិន​បាន​នារី​ខាង​លើ​ដូច​គ្នា ហើយ​ម្នាក់ៗ​ក៏​មាន​ប្រពន្ធ​កូន​រៀង​ខ្លួន ពោល​បង្កើត​បាន​គ្រួសារ​ថ្មី គ្រាន់​ថា​រឿង​ចាស់​នៅ​តែ​ដក់​ជាប់​ក្នុង​អារម្មណ៍ មិន​អាច​បំភ្លេច​បាន។

ចំណែក​ឯ​រឿង​ទើប​កើត​ឡើង​ថ្មីថ្មោង នាំ​ឲ្យ​ប្រធាន​ក្រុម Eden Hazard ប៉ះ​ពាក្យ​នឹង​ខ្សែ​ការពារ​ក្រោម Jan Vertonghen គឺ​ត្រង់​ថា ដំបូង​ឡើយ De Bruyne បាន​លើក​ឡើង​មុន​បរាជ័យ​ទល់​ម៉ារ៉ុក ថា​កីឡាករ​បែលហ្សិក​ឥឡូវ​វ័យ​ចំណាស់​អស់​ហើយ ម្ល៉េះ​ឱកាស​លើក​ពាន World Cup គឺ​មិន​ហ៊ាន​សង្ឃឹម​ទេ ខុស​ពី World Cup 2018។

ក្រោយ​បរាជ័យ​ ២-០ ក្រោម​ថ្វី​ជើង​ម៉ារ៉ុក ក៏​ស្រាប់​តែ Hazard បាន​លើក​ឡើង៖ “ខ្សែ​ការពារ​របស់​យើង មិន​បាន​ប្រើប្រាស់​ល្បឿន​ដ៏​លឿន​នោះទេ ពួក​គេ​ប្រហែល​ដឹង​ខ្លួន​ឯង​ហើយ”។ ក៏​ស្រាប់​តែ​អតីត​កីឡាករ​របស់​ក្លឹប ​Spurs គឺ Vertonghen បាន​សួរ​ទៅ Hazard ចំៗ​ថា៖ “អ្នក​ឯង​គិត​ថា​ខ្ញុំ​យឺត​មែន​ទេ នេះ​ប្រព័ន្ធ​ប្រយុទ្ធ​ខាង​លើ​ក៏​ធ្វើ​អត់​បាន​ល្អ​ដែរ មើល​ទៅ​ម៉ារ៉ុក ហេតុអ្វី​ពួក​គេ​ធ្វើ​បាន​ល្អ​ជាង​យើង ក៏​ព្រោះ​តែ​ពួក​យើង​អាយុ​ច្រើន​មែន​ទេ”។

ជុំវិញ​រឿងរ៉ាវ​នេះ មិន​ច្បាស់​ថា​មាន​ការ​ដោះស្រាយ សម្របសម្រួល​គ្នា​ហើយ​ឬ​នៅ ដ្បិត​តាម​ដំណឹង​ចុះ​ផ្សាយ​កន្លង​មក​ថា Romelu Lukaku ជា​អ្នក​ដើរ​តួ​មក​បង្រួបបង្រួម​ក្រុម​ឡើង​វិញ។ យើង​នឹង​រង់ចាំ​មើល​ តើ​ម៉ោង ១០:០០ នាទី​យប់​នេះ អ្នកចាត់ការ​លោក Roberto Martinez នឹង​ប្រើប្រាស់​កីឡាករ​បែប​ណា ទល់​ជម្រើស​ជាតិ​ក្រូអាត?

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT