លោក Luis Enrique គ្រូបង្វឹកក្រុមអេស្ប៉ាញបានអះអាងថាក្រុមរបស់លោកនឹងប៉ះក្រុមអាល្លឺម៉ង់ម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រថ្ងៃទី១៨ខែធ្នូឆ្នាំ២០២២ខាងមុខក្នុងព្រឹត្តិការណ៍ FIFA World Cup ។
នៅរាត្រីនេះ ជាការប្រកួតបិទពូលរបស់ក្រុមអេស្ប៉ាញហើយ។ ដោយអេស្ប៉ាញនឹងប៉ះក្រុមអាស៊ីជប៉ុន ស្របពេលអាល្លឺម៉ង់វិញ ប៉ះជាមួយក្រុមកូស្ដារីកា។ ក្នុងពូលនេះដែរ នៅមិនទាន់ប្រាកដថានរណាឡើង នរណាធ្លាក់នៅឡើយទេ ដោយរង់ចាំការប្រកួតទី៣នៅរាត្រីនេះសិន។ ប្រសិនបើអេស្ប៉ាញឈ្នះ ហើយអាល្លឺម៉ង់ឈ្នះដែរ នោះពួកគេអាចនឹងដឹកដៃគ្នាឡើងទៅវគ្គ១៦ក្រុមចុងក្រោយហើយ។
មុនការប្រកួត លោក Luis Enrique បាននិយាយដែរថា៖ “ខ្ញុំនឹង Hansi Flick បានសន្យាគ្នាថានឹងជួបគ្នាម្ដងទៀតនៅថ្ងៃ១៨ខាងមុខ ដែលជាការប្រកួតផ្ដាច់ព្រ័ត្រ World Cup 2022 ។ យើងនៅពូលជាមួយគ្នា ដូច្នេះវាអាចទៅរួចដែលយើងនឹងប៉ះគ្នាម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រ។ ខ្ញុំសង្ឃឹមថាការព្យាកររបស់ខ្ញុំនឹងក្លាយជាការពិត”៕