Renard ​ថា​នេះ​ជា​ឱកាស​កីឡាករ​អារ៉ាប់ប៊ីសាអូឌីត ​បង្កើត​ប្រវត្តិសាស្ត្រ​ហើយ​

​លោក Renard ​គ្រូ​បង្វឹក​របស់​ក្រុម​អារ៉ាប់ប៊ីសាអូឌីត ​បាន​អះអាង​ថា​នៅ​រាត្រី​នេះ​គឺ​ជា​ឱកាស​សម្រាប់​ជម្រើស​ជាតិ​ក្នុង​ការ​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​របស់​ពួកគេ​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup 2022 ​ហើយ​។

​ក្រុម​អារ៉ាប់ប៊ីសាអូឌីត ​នឹង​ប៉ះ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​មិចសិកូ​នៅ​រាត្រី​នេះ ដើម្បី​ស្វែង​រក​៣​ពិន្ទុ​បន្ថែម​ទៀត ​ទទួល​បាន​កៅអី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ ​ក្រុម​ដឹក​នាំ​ដោយ​លោក Renard ​មួយ​នេះ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ម្ដង​មក​ហើយ ​កាល​ប៉ះ​ក្រុម​អាហ្សង់ទីន​ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល ២-១ ​តែ​គួរ​ឱ្យ​សោកស្ដាយ​ទៅ​លេង​ចាញ់​​ប៉ូឡូញ​ទៅ​វិញ ធ្វើ​ឱ្យ​បាត់​ឱកាស​កក់​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ តែ​នៅ​រាត្រី​នេះ ​ពួកគេ​ទទួល​បាន​ឱកាស​ជា​ថ្មី​ម្ដង​ទៀត ​បើ​ឈ្នះ​មិចសិកូ​បាន នោះ​អារ៉ាប់ប៊ីសាអូឌីត​នឹង​បាន​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ។

​មុន​ការ​ប្រកួត​មក​ដល់ លោក Renard ​បាន​ប្រាប់​ទៅ​កីឡាករ​ថា​៖ “យើង​ស្ថិត​ក្នុង​ជំនាន់​ដ៏​ល្អ​មួយ។ ​លើក​ទី​១​ដែល​ក្រុម​បាន​ឡើង​ដល់​វគ្គ​១៦​ក្រុម​គឺ​នៅ​ឆ្នាំ​១៩៩៤ ដូច្នេះ​ប្រសិន​បើ​យើង​ចង់​ឱ្យ​គេ​ចង់ចាំ ​គេ​សរសេរ​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ ​ឬ​យើង​ចង់​ឱ្យ​គេ​បំភ្លេច​នៅ​ត្រឹម​នេះ។ នៅ​រាត្រី​នេះ ជា​ឱកាស​របស់​យើង​ហើយ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT