កីឡាក​អ៊ីរ៉ង់ ច្រៀង​ភ្លេង​ជាតិ​វិញ ​ក្រោយ​ពី​រដ្ឋាភិបាល​គំរាម​ចាត់​វិធានការ​

​ក្រុម​កីឡាករ​ជម្រើស​ជាតិ​អ៊ីរ៉ង់ ​បាន​ច្រៀង​ចម្រៀង​ភ្លេង​ជាតិ​របស់​ខ្លួន​វិញ​ហើយ ​ក្រោយ​ពី​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​គំរាម​ចាត់​វិធានការ​លើ​ពួកគេ​ប្រសិន​បើ​បន្ដ​ប្រឆាំង​បែប​នេះ​ទៀត។

​កាល​ពី​ប្រកួត​បើក​ឆាក​កន្លង​ទៅ​ទល់​ក្រុម​អង់គ្លេស ​ក្រុម​អ៊ីរ៉ង់​មិន​បាន​ច្រៀង​ទេ​អំឡុង​ពេល​គេ​ចាក់​ភ្លេង​ជាតិ​របស់​ខ្លួន។ ​ការ​ធ្វើ​បែប​នេះ​គឺ​ពួកគេ​បាន​បង្ហាញ​ពី​ការ​មិន​យល់​ស្រប​ចំពោះ​ការ​សម្លាប់​ស្ត្រី​វ័យ​២២​ឆ្នាំ​ម្នាក់ ​ដោយ​គ្រាន់​តែ​នាង​មិន​បាន​ពាក់​សំលៀក​បំពាក់​ត្រឹម​ត្រូវ។ ​តែ​ក្រោយ​ពី​ការ​ធ្វើ​បែប​នោះ​មក ​រដ្ឋាភិបាល​អ៊ីរ៉ង់​មិន​ពេញ​ចិត្ត​ជា​ខ្លាំង ​រហូត​ដល់​បាន​គំរាម​ដល់​កីឡាករ​ទាំង​អស់​ថែម​ទៀត​ផង។

​អ៊ីរ៉ង់​បាន​បញ្ជាក់​ថា​ប្រសិន​បើ​កីឡាករ​នៅ​តែ​មិន​ព្រម​ច្រៀង​ភ្លេង​ជាតិ​ទៀត នោះ​ពួកគេ​នឹង​ទទួល​ការ​ពិន័យ​ជាក់​ជា​មិន​ខាន។ ​អ៊ីរ៉ង់ ​សង្កត់​ធ្ងន់​ថា គ្មាន​ជន​ជាតិ​ណា ឬ​នរណា​ម្នាក់​អាច​មើល​ស្រាល​ដល់​ភ្លេង​ជាតិ​របស់​អ៊ីរ៉ង់​បាន​នោះ​ទេ។ ​ប្រសិន​បើ​មិន​មាន​ការ​ច្រៀង​ភ្លេង​ជាតិ​ទៀត នោះ​កីឡាករ​នឹង​ទទួល​ការ​ពិន័យ​យ៉ាង​ធ្ងន់​ពី​រដ្ឋាភិបាល​មិន​ខាន។ ដោយសារ​តែ​មាន​សារ​ដាស់​តឿន​នេះ​ហើយ ទើប​២​ប្រកួត​ចុង​ក្រោយ​របស់​អ៊ីរ៉ង់​ទល់​ក្រុម​វែល និង​អាមេរិក ​ពួកគេ​បាន​ច្រៀង​ភ្លេង​ជាតិ​ទាំង​អស់​គ្នា​វិញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT