Rashford ​ថា​អង់គ្លេស​មក​លេង World Cup ​នេះ ​មាន​មហិច្ឆតា​ធំ​ណាស់​

ខ្សែ​ប្រយុទ្ធ Marcus Rashford ​បាន​អះអាង​ថា​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​មក​លេង​ពាន​រង្វាន់ FIFA World Cup 2022 ​នេះ​គឺ​មាន​មិហិច្ឆតា​ធំ​ណាស់ ​មិន​ឱ្យ​អ្នក​គាំទ្រ​ខក​បំណង​នោះ​ទេ។

​Rashford ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម​អង់គ្លេស​យក​ឈ្នះ​លើ​ក្រុម​វែល​ក្នុង​លទ្ធផល ៣-០ ​ឯ​ណោះ​ក្នុង​ការ​ប្រកួត​បិទ​ពូល B ​នៅ​យប់មិញ។ ​ជាមួយ​ការ​ឈ្នះ​នេះ​ដែរ ក៏​​បាន​ជួយ​ឱ្យ​ក្រុម​អង់គ្លេស​ឈរ​កំពូល​តារាង ​និង​ប៉ះ​ក្រុម​លេខ​២​ក្នុង​ពូល A ​ផង​គឺ​សេណេហ្គាល់​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ ​អ្នក​គាំទ្រ​បាន​បង្ហាញ​ការ​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​ទម្រង់​លេង​របស់​ក្រុម​តោ​កំណាច​មួយ​នេះ ​ក្រោយ​ពី​ឃើញ​សហការ​គ្នា​ល្អ ជា​ពិសេស Rashford ​តែ​ម្ដង ​ដែល​ផ្ដោត​ទៅ​លើ​ការ​ប្រកួត​បាន​ខ្លាំង​មែនទែន។

​កីឡាករ​លេង​នៅ​ក្លឹប​បិសាច​ក្រហម Manchester United ​បាន​និយាយ​ដែរ​ថា​៖ “នេះ​ជា​ពេល​វេលា​ដែល​គ្រប់​គ្នា​ចង់​បាន​។ វា​ជា​ការ​ប្រកួត​ធំ​និង​ល្អ​បំផុត​សម្រាប់​យើង។ ​ខ្ញុំ​សប្បាយ​ចិត្ត​ក្នុង​ការ​បាន​ជួយ​ក្រុម​ឡើង​ទៅ​វគ្គ​បន្ដ។ ​យើង​មក​ទី​នេះ​ជាមួយ​មហិច្ឆតា​ធំ​មែនទែន​សម្រាប់​ក្រុម​ទាំង​មូល”។

​រំលឹក​ថា​តាំង​ពី World Cup 2018 ​ដែល​អង់គ្លេស​បាន​លេខ​៤​មក ឃើញ​ថា​ពួកគេ​មាន​ទម្រង់​លេង​ប្លែក​និង​កាន់​តែ​ល្អ​ឡើង​ហើយ។ ​កាល​ពី Euro 2020 ​កន្លង​ទៅ ​អង់គ្លេស​បាន​ត្រឹម​ជើង​ឯក​រង​ទៀត​ដោយ​ចាញ់​ប៉េណាល់ទី​ក្រុម​អ៊ីតាលី។ ដូច្នេះ​នៅ World Cup 2018 ​ច្បាស់​ណាស់​អង់គ្លេស ​គឺ​ជា​ក្រុម​មិន​អាច​មើល​រំលង​បាន​ទេ​ក្នុង​ការ​ប្រជែង​ពាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT