ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបានបញ្ជាក់ថា សហព័ន្ធបានត្រៀមខ្លួនប្រកបដោយភាពជឿជាក់ ទាំងការរៀបចំ និងដណ្តើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដំបូងរបស់កម្ពុជា។
ឯកឧត្តម ណុះ ស្លេះ បានបញ្ជាក់ថា ការៀបចំការប្រកួតកីឡាម៉ូតូទឹក ជើងឯកអាស៊ីអាគ្នេយ៍ និងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣នេះ អាចនិយាយបានថា សហព័ន្ធកីឡាម៉ូតូទឹក កាន់តែមានបទពិសោធន៍ និងជំនឿចិត្តខ្ពស់ ចំពោះការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ខាងមុខនេះ។ ឯកឧត្តមប្រធានសហព័ន្ធ បន្ថែមថា ការៀបចំជើងឯកអាស៊ីអាគ្នេយ៍កន្លងទៅ មានការខ្វះខាតខ្លះៗ ដូច្នេះសហព័ន្ធបានយកកីឡាជាតិនេះ មកធ្វើការកែលម្អ ដូចជា ការៀបចំរបស់មន្រ្តីបច្ចេកទេស ការចុះឈ្មោះ ការទំនាក់ទំនង ការទទួលភ្ញៀវ និងការៀបចំទីលាន សម្ភារបច្ចេកទេស ឱ្យប្រសើរជាងមុន។
ឯកឧត្តម ណុះ ស្លេះ បន្តថា សម្រាប់ព្រឹត្តិការណ៍កីឡាជាតិនេះ ការរៀបចំមានលំនាំដូចស៊ីហ្គេម ដោយសហព័ន្ធបានដាក់អាជ្ញាកណ្តាល ចៅក្រម និងមន្រ្តីបច្ចេកទេស សរុបចំនួន ៣៥នាក់ សុទ្ធសឹងជាមន្រ្តីជំនាញ ធ្លាប់មានបទពិសោធន៍ ឆ្លងកាត់វគ្គបណ្តុះបណ្តាលថ្នាក់ជាតិ និងអន្តរជាតិ។ ចំណុចមួយ សហព័ន្ធក៏ត្រូវការចៅក្រមអន្តរជាតិ ដើម្បីចូលរួមសម្រេចកាត់សេចក្តីការប្រកួត ពីព្រោះយើងមិនអាចប្រើចៅក្រមប្រទេសក្នុងតំបន់នោះទេ ជៀសវាងមានការរិះគន់ ឬក៏លំអៀង៕