គុន​ខ្មែរ ​នឹង​មាន​រៀប​ចំ Pre Sea Game ​ដើម្បី​ឱ្យ​សមត្ថភាព​កីឡាករ​កាន់​តែ​ខ្លាំង​

​គណៈកម្មាធិការជាតិ​ CAMSOC ​និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)​ សហការ​ជាមួយ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​និងសហព័ន្ធគុនខ្មែរអន្ដរជាតិ​ នឹង​រៀបចំ​ការប្រកួត​សាកល្បង​មុន​ព្រឹត្តិការណ៍​ស៊ីហ្គេម (Pre-SEA Games) ​ពោលគឺការប្រកួតកីឡាប្រដាល់គុនខ្មែរ​ ជ្រើស​រើស​ជើង​ឯក​អាស៊ី​អាគ្នេយ៍ ​ឆ្នាំ២០២២ នាថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ខាងមុខ នៅឆ្នេរអូត្រេះ ខេត្តព្រះសីហនុ ដើម្បី​តេស្ដសមត្ថភាពកីឡាករ-កីឡាការិនី​ និងមន្ដ្រីបច្ចេកទេស ត្រៀមព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រនៅ​កម្ពុជា ​នាឆ្នាំក្រោយ។

ឯកឧត្តម​ វ៉ាត់ ចំរើន​ អគ្គលេខាធិការគណៈកម្មាធិការជាតិ​ CAMSOC និង NOCC ​មាន​ប្រសាសន៍​ថា​ នៅ​ព្រឹកថ្ងៃទី២៩ ​ខែវិច្ឆិកានេះ​ គណៈកម្មការពាក់ព័ន្ធ ​បានរៀបចំកិច្ចប្រជុំ​ ដើម្បី​ពិនិត្យ​ការ​ត្រៀម​រៀបចំ​ការ​ប្រកួត Pre-SEA Game ​នៃកីឡាប្រដាល់គុនខ្មែរ ​ការងារសន្ដិសុខសណ្ដាប់ធ្នាប់ និងការ​ត្រៀម​ទទួល​បដិសណ្ឋារកិច្ចប្រតិភូ​ និងភ្ញៀវចូលរួមជាដើម ​ដែលការប្រកួតនេះ​ នឹងមានអ្នក​ចូលរួម​សរុប​ចំនួន ​១៤២នាក់ មកពី ៧​ប្រទេសក្នុងតំបន់អាស៊ាន រួមមាន ឥណ្ឌូនេស៊ី វៀតណាម ឡាវ ម៉ាឡេស៊ី​ មីយ៉ាន់ម៉ា ហ្វីលីពីន និងកម្ពុជា។

ឯកឧត្តមមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ គឺទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ដែលការប្រកួតនឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូខាងមុខ ស្របពេលពេលវេលាជាមួយការរៀបចំពិធីបុណ្យសមុទ្រ លើកទី៩ (ជុំទី៣) ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។ ហេតុនេះ ឯកឧត្តមបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រៀមចូលរួមអបអរសាទរ និងទស្សនាដោយសេរីក្នុងការប្រកួតដ៏ធំនេះ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT