គ្រូ​ជំនួយ​កូរ៉េ ​ថា​ចាញ់​ហ្គាណា ​ជា​លទ្ធផល​មិន​ស្មើ​ភាព​នោះ​ទេ​

​លោក Sergio Costa ​គ្រួ​ជំនួស​របស់​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង ​បាន​អះអាង​ថា​លទ្ធផល​ចាញ់​ហ្គាណា​ក្នុង​លទ្ធផល ៣-២ ​គឺ​ពិត​ជា​មិន​ស្មើ​ភាព​នោះ​ទេ​ក្នុង​ការ​ប្រកួត World Cup ​នៅ​យប់មិញ​នេះ​។

​ក្នុង​តង់​ទី​១ ​ក្រុម​កូរ៉េ​បាន​របូត​២​គ្រាប់​ទៅ​ហើយ ប៉ុន្តែ​ឈាន​ចូល​ដល់​តង់​ទី​២​វិញ Cho Gue-sung ​ក៏​អាច​រក​បាន​២​គ្រាប់​តាម​ស្មើ​វិញ​បាន​ឱ្យ​ក្រុម​កូរ៉េ​ខាង​ត្បូង។ ​យ៉ាងណាមិញ ​ហ្គាណា ​ក៏​អាច​ថែម​បាន​១​គ្រាប់​ទៀត ​ដើម្បី​យក​ឈ្នះ​លើ​ក្រុម​អាស៊ី​នេះ​បាន​ក្នុង​លទ្ធផល ​៣-២ ​ផង​ដែរ។ ​ជាមួយ​បរាជ័យ​នេះ ​បាន​ធ្វើ​ឱ្យ​កូរ៉េ​ខាង​ត្បូង​ស្ទើរ​តែ​អស់​ឱកាស​ក្នុង​ការ​ឡើង​ទៅ​ជុំ​បន្ដ​ទៅ​ហើយ ​ព្រោះ​ប្រកួត​ចុង​ក្រោយ​ប៉ះ​ព័រទុយហ្គាល់​ដែល​ជា​ក្រុម​ខ្លាំង​ជាង​គេ​ក្នុង​ពូល។

​ក្រោយ​ចប់​ការ​ប្រកួត ​លោក​ Sergio Costa ​គ្រូ​ជំនួស​របស់​កូរ៉េ​ខាង​ត្បូង​ជា​អ្នក​ចូល​ធ្វើ​សន្នីសីទ ខណៈ​ដែល​លោក Paulo Bento ​គ្រូ​បង្វឹក​ទទួល​បាន​កាត​ក្រហម​នៅ​ចុង​ម៉ោង ​ព្រោះ​តវ៉ា​ច្រើន​ជាមួយ​អាជ្ញាកណ្ដាល។ ​ក្នុង​សន្នីសីទ​លោក Costa ​បាន​បង្ហាញ​អារម្មណ៏​ថា​៖ “យើង​ធ្វើ​មិន​សូវ​បាន​ល្អ​នៅ​តង់​ទី​១ ប៉ុន្តែ​នៅ​តង់​ទី​២​យើង​បាន​គ្រប់​គ្រង​ការ​ប្រកួត ​និង​បង្កើត​ឱកាស​ជា​ច្រើន​ដើម្បី​រក​គ្រាប់​បាល់។ លទ្ធផល​នេះ​គឺ​មិន​ស្មើ​ភាព​សោះ សូម្បី​តែ​ស្មើ​គ្នា​ក៏​មិន​សម​ដែរ។ យើង​ច្បាស់​ណាស់​សក្ដិសម​ជា​ក្រុម​ឈ្នះ​ការ​ប្រកួត​មួយ​នេះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT