គ្រូ​បង្វឹក​អាមេរិក សុំ​ទោស​អ៊ីរ៉ង់ ​ចំពោះ​ករណី​ដាក់​រូប​ទង់ជាតិ​ខុស​

​លោក Gregg Berhalter ​បាន​និយាយ​សុំទោស​ទៅ​ខាង​អ៊ីរ៉ង់ ​បន្ទាប់​ពី​មាន​កំហុស​អចេតនា​កើត​ឡើង ដោយសារ​តែ​សហព័ន្ធ​បាល់ទាត់​អាមេរិក​បង្ហោះ​រូប​ខាង​អ៊ីរ៉ង់​ខុស​ទង់ជាតិ។

 

​រឿង​កើត​ឡើង​ដោយសារ​តែ​សហព័ន្ធ​កីឡា​បាល់ទាត់​អាមេរិក ​បាន​បង្ហោះ​ការ​ប្រកួត​រវាង​ក្រុម​អាមេរិក ​និង​អ៊ីរ៉ង់​នៅ​លើ​បណ្ដាញ​សង្គម ​ប៉ុន្តែ​ពួកគេ​បាន​ប្រើ​រូប​ទង់ជាតិ​របស់​អ៊ីរ៉ង់​ខុស ​ដោយ​មិន​មាន​និមិត្ត​សញ្ញា Islamic ​របស់​អ៊ីរ៉ង់​នោះ​ទេ។ ក្រោយ​ពី​ឃើញ​មាន​គេ​ថា​ខុស​ច្រើន ​ពួកគេ​ក៏​បាន​លុប​បង្ហោះ​នោះ​ចោល​ភ្លាម​ៗ​ផង​ដែរ។

​ចំពោះ​ករណី​នេះ ​លោក Gregg Berhalter ​គ្រូ​បង្វឹក​អាមេរិក ​ដែល​នឹង​ត្រូវ​ដឹក​នាំ​ក្រុម​ប៉ះ​អ៊ីរ៉ង់​នៅ​រាត្រី​នេះ​ក្នុង​ព្រឹត្តិការណ៍ World Cup ​បាន​និយាយ​សុំ​ទោស​ដែរ​ថា​៖ “ខ្ញុំ​និយាយ​ម្ដង​ទៀត​ថា​កីឡាករ​និង​ក្រុម​គ្រូ​បង្វឹក​គឺ​មិន​ប៉ះ​ពាល់​ដល់​រឿង​នេះ​ទេ។ វា​ហួស​ពី​ការ​គ្រប់គ្រង​របស់​ពួក​យើង។ តែ​យ៉ាង​ណា អ្វី​ដែល​យើង​អាច​ធ្វើ​បាន​នៅ​ពេល​នេះ​គឺ​សុំទោស​ទៅ​កីឡាករ ​និង​គ្រូ​បង្វឹក​អ៊ីរ៉ង់​ផង​ដែរ។

​សូមបញ្ជាក់​ថា​ក្រុម​អាមេរិក ​នឹងប៉ះ​ក្រុម​អ៊ីរ៉ង់​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ​ក្នុង​ការ​ប្រកួត FIFA World Cup ​ក្នុង​ពូល​ចុង​ក្រោយ។ ​ជំនួប​នេះ អាមេរិក ​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត ដើម្បី​បាន​ឡើងទៅ​វគ្គ​១៦​ក្រុ​ម​ចុង​ក្រោយ​បាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT