Bruno ​ថា​គ្រាប់​ទី​១​របស់​ខ្លួន​សម​តែ​ឱ្យ​ទៅ Ronaldo

​ខ្សែ​បម្រើ Bruno Fernandes ​បាន​អះអាង​ថា​គ្រាប់​បាល់​ទី​១​របស់​ខ្លួន​សម​តែ​បាន​ទៅ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ដែល​បាន​ព្យាយាម​លោត​តែត​បាល់​បញ្ចូល​ទី។

Bruno ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម​ព័រទុយហ្គាល់​យក​ឈ្នះ​អ៊ុយរុយហ្គាយ​ ២-០ ​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ FIFA World Cup ​ទៅ​ហើយ​កាល​ពី​យប់មិញ​នេះ។ ​តែ​ក្នុង​ចំណោម​២​គ្រាប់​នេះ​ដែរ ​គ្រាប់​បាល់​ដំបូង​របស់​គេ​នោះ ​មាន​ភាព​ស្រពិចស្រពិល​ច្រើន។ ​Ronaldo ​បាន​លោត​ទៅ​តែត​បាល់​នោះ ​ហើយ​វា​បាន​ចូល​ទី ​និង​ខ្សែ​ប្រយុទ្ធ​វ័យ​៣៧​ឆ្នាំ​អបអរ​ខ្លាំង​មែនទែន។ ​ចុង​បញ្ចប់ FIFA ​បាន​សម្រេច​បាល់​នេះ​ឱ្យ​ទៅ​អ្នក​លើក Bruno ​វិញ ​ដោយ​អះអាង​ថា Ronaldo ​លោត​តែត​មិន​ប៉ះ​បាល់​នោះ​ទេ។

​តែ​សាមី​ខ្លួន Bruno ​បាន​និយាយ​ថា​៖ “ខ្ញុំ​នៅ​តែ​អបអរ ប្រសិន​បើ​វា​ជា​គ្រាប់​បាល់ Cristiano ​។ ​វា​ធ្វើ​ឱ្យ​ខ្ញុំ​ឃើញ​ថា គាត់​បាន​ប៉ះ​បាល់​នោះ ​ហើយ​ខ្ញុំ​ក៏​លើក​បាល់​ទៅ​ឱ្យ​គាត់​ផង​ដែរ។ ​រឿង​សំខាន់​គឺ​យើង​បាន​ឡើង​ទៅ​ជុំ​បន្ដ ​ហើយ​យក​ឈ្នះ​ក្រុម​ខ្លាំង​បាន​ថែម​ទៀត។ យើង​ព្យាយាម ព្រោះ​យើង​ចង់​ឈ្នះ​គ្រប់​យ៉ាង”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT