អ្នក​គាំទ្រ​កាន់​រូប​ Mesut Ozil ហើយយកដៃ​បិទ​មាត់​អំឡុង​ពេល​អាល្លឺម៉ង់​ប្រកួតទល់​នឹង​អេស្ប៉ាញ

អ្នកគាំទ្រមួយចំនួននៅក្នុងកីឡដ្ឋាន Al Bayt ត្រូវបានគេប្រទះឃើញកាន់រូបភាពរបស់ Mesut Ozil អំឡុងពេលការប្រកួត World Cup កាលពីថ្ងៃអាទិត្យរវាងប្រទេសអាល្លឺម៉ង់ និងអេស្ប៉ាញ ហើយពួកគេបានយកដៃបិទមាត់របស់ពួក។

កាលពីសប្តាហ៍មុន រាល់កីឡាករអាឡឺម៉ង់ដែលចាប់ផ្តើមប្រកួតក្នុងពូល E ទល់នឹងជប៉ុន បានសម្រេចចិត្តតវ៉ាប្រឆាំងនឹងការហាមប្រាមរបស់ FIFA លើខ្សែដៃ OneLove ដោយយកដៃខ្ទប់មាត់ ខណៈដែលពួកគេតម្រង់ជួរថតរូបក្រុម។

អាល្លឺម៉ង់ អង់គ្លេស ហូឡង់ និងប្រទេសអឺរ៉ុបផ្សេងទៀត មានគម្រោងពាក់ខ្សែដៃដើម្បីបង្ហាញពីសាមគ្គីភាពជាមួយសហគមន៍ LGBTQ+ ប៉ុន្តែពួកគេត្រូវបានហាមប្រាម និងគម្រាមកំហែងតាមរយៈដាក់ទណ្ឌកម្មកីឡា។

សហព័ន្ធបាល់ទាត់អាល្លឺម៉ង់នឹងប្តឹង FIFA ទៅកាន់តុលាការអាជ្ញាកណ្តាលសម្រាប់កីឡាជុំវិញការហាមឃាត់នេះ។

កាលពីល្ងាចថ្ងៃអាទិត្យ អ្នកគាំទ្រនៅក្នុងកីឡដ្ឋាន Al Bayt បានលើករូបថតរបស់ Mesut Ozil ខណៈពេលដែលពួកគេយកដៃខ្ទប់មាត់ ដើម្បីឆ្លើយតបទៅនឹងកាយវិការរបស់អាល្លឺម៉ង់ មុនពេលការប្រកួតដំបូងរបស់ពួកគេ។

អ្នកគាំទ្រទាំងនោះមានគោលបំណងរំលេចនូវអ្វីដែលគេយល់ថាជាស្តង់ដារពីរពីការតវ៉ារបស់អាល្លឺម៉ង់ ដោយចង់លើកយករឿងរ៉ាវដែល Mesut Ozil ត្រូវបានគេស្តីបន្ទោស និងការរើសអើងដោយអយុត្តិធម៌ជុំវិញការជួបរបស់គាត់ជាមួយប្រធានាធិបតីទួរគី Recep Tayyip Erdogan។

ដោយគេចាត់ទុកថា Ozil គាំទ្រ Erdogan ក្នុងន័យនយោបាយ ឬការបោះឆ្នោត ខណៈដែលការថតរូបនោះគ្រាន់តែជាការថតរូបជាធម្មតាជាមួយថ្នាក់ដឹកនាំប្រទេសកណើតរបស់ឪពុកម្តាយគាត់តែប៉ុណ្ណោះ។

ក្រោយមក Ozil ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិអាល្លឺម៉ង់ ចាប់ពីពេលនោះមក ដោយលើកឡើងពីការឈឺចាប់ដែលទទួលរងពីការរើសអ៊ើងជាតិសាសន៍ពីអ្នកគាំទ្រអាល្លឺម៉ង់៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT