អ្នក​គាំទ្រ​វេលស៍ម្នាក់​ស្លា.ប់អំឡុង​ពេល​គាំទ្រជម្រើសជាតិខ្លួននៅកាតា​ក្នុង​ព្រឹត្តិការណ៍ World Cup

អ្នក​គាំទ្រ​បាល់ទាត់​សញ្ជាតិ​វែលស៍​ម្នាក់​បាន​ទទួល​មរណភាព​អំឡុង​ពេល​គាំទ្រជម្រើសជាតិខ្លួននៅកាតា​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២។

សមាគមបាល់ទាត់នៃប្រទេសវែលស៍ (FAW) បានបញ្ជាក់ថា Kevin Davies បានទទួលមរណភាពហើយ បន្ទាប់ពីគាត់បានធ្វើដំណើរទៅប្រទេសកាតាសម្រាប់ការប្រកួត FIFA World Cup ជាមួយកូនប្រុសរបស់គាត់ ហើយក្រុមគ្រួសាររបស់គាត់ដែលនៅសេសល់ក៏ត្រូវបានគេជូនដំណឹង។

ក្រុមអ្នកគាំទ្រវេលស៍បានចេញសេចក្តីថ្លែងការណ៍មួយដែលនិយាយថា៖

“ជាអកុស ល យើងបានបាត់បង់អ្នកគាំទ្រយើងម្នាក់កាលពីម្សិលមិញក្នុងប្រទេសកាតា សូមចូលរួមរំលែកទុក្ខដ៏ស្មោះស្ម័គ្ររបស់យើងទៅកាន់កូនប្រុសរបស់គាត់នៅទីនេះ នៅទីក្រុងដូហា និងក្រុមគ្រួសាររបស់គាត់នៅប្រទេស វែលស៍​។ សូមវិញ្ញាណក្ខន្ធគាត់ទៅកាន់សុគតិភព” ។

សមាគមន៍បាល់ទាត់ប្រទេសវែលស៍ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​រំលែកទុក្ខដល់អ្នកគាំទ្រដែលបានស្លាប់នោះផងដែរ។

បុរសវ៏យ ៦២ឆ្នាំមកពី Pembrokeshire ស្ថិតនៅក្នុងទីក្រុង Doha ជាមួយកូនប្រុសរបស់គាត់ និងមិត្តភក្តិមួយចំនួននៅពេលគាត់ស្លាប់ ដែលត្រូវបានគេជឿថាមកពីសុខភាពផ្ទាល់ខ្លួន។

យោងតាមរបាយការណ៍លោក Davies បានទទួលមរណភាពកាលពីថ្ងៃសុក្រនៅមន្ទីរពេទ្យ ហើយមិនមានវត្តមាននៅក្នុងកីឡដ្ឋានសម្រាប់ការចាញ់ក្រុមរបស់លោកក្នុងលទ្ធផល ២-០ ទល់នឹងអ៊ីរ៉ង់ក្នុងការប្រកួតទីពីរក្នុងពូល B របស់ពួកគេនោះទេ៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT