Moriyasu ​៖ ជប៉ុន ​ចង់​បង្កើត​ក្បួន​លេង​ដោយ​ខ្លួន​ឯង ​ដោយ​រៀន​សូត្រ​ពី​ប្រទេស​ដទៃ​

​លោក Moriyasu ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ​បាន​អះអាង​ថា​ក្រុម​របស់​ខ្លួន​ចង់​បង្កើត​ក្បួន​លេង​បាល់ទាត់​ដោយ​ខ្លួន​ឯង ​ក្រោយ​ពី​បាន​រៀន​សូត្រ​ច្រើន​ពី​ប្រទេស​ដទៃ​តាម​រយៈ​កីឡាករ​ចេញ​ទៅ​ប្រកប​អាជីព។

​ជប៉ុន ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ខ្លាំង ​ក្រោយ​ពី​ពួកគេ​អាច​យក​ឈ្នះ​លើ​ក្រុម​អាល្លឺម៉ង់​បាន​ក្នុង​លទ្ធផល ​២-១។ ​ជើង​ខ្លាំង​នៅ​អាស៊ី​មួយ​នេះ ​មាន​កីឡាករ​រហូត​ដល់​ទៅ​៨​នាក់​ឯ​ណោះ​ដែល​លេង​នៅ​លីគ​អាល្លឺម៉ង់ ​ដូច្នេះ​ហើយ​ពួកគេ​យល់​ច្បាស់​ពី​បាល់ទាត់​អឺរ៉ុប ​ជា​ពិសេស​ការ​លេង​នៅ​អាល្លឺម៉ង់​តែ​ម្ដង។ ជាក់​ស្ដែង ​អ្នក​ដែល​រក​បាន​២​គ្រាប់​ឱ្យ​ជប៉ុន​លើ​អាល្លឺម៉ង់​នោះ​គឺ Ritsu Doan ​លេង​នៅ​Freiburg ​និង Takuma Asano ​លេង​នៅ VfL Bochum ​។

ជាមួយ​កីឡាករ​លេង​នៅ​ក្រៅ​ស្រុក​ច្រើន​នេះ​ដែរ ​លោក Moriyasu ​គ្រូ​បង្វឹក​ជប៉ុន​បាន​និយាយ​ថា​៖ “ជប៉ុន ​ចង់​កសាង​ក្បូន​លេង​ដោយ​ខ្លួន​ឯង ​ដោយ​រៀន​សូត្រ​បាន​បណ្ដា​ប្រទេស​ដទៃ។ ​យើង​មាន​កីឡាករ​៨​នាក់​លេង​នៅ​លីគ​អាល្លឺម៉ង់ ​យើង​បាន​រៀន​សូត្រ​ពី​បាល់​អាល្លឺម៉ង់​បាន​ច្រើន។ ពួកគេ​បាន​ជួយ​ជប៉ុន​ឱ្យ​រីក​ចម្រើន​លើ​វិស័យ​បាល់ទាត់​នេះ​កាន់​តែ​ច្រើន”។

​រំលឹក​ថា​នៅ​ល្ងាច​នេះ ​ជប៉ុន​ដែល​ស្ថិត​ក្នុង​ពូល E ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​កូស្ដារីកា​ហើយ។ ប្រសិន​បើ​ពួកគេ​អាច​ឈ្នះ​ប្រកួត​នេះ​បាន​ទៀត ​នោះ​ជប៉ុន ​នឹង​មាន​ឱកាស​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជាក់​ជា​មិន​ខាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT