Herve Renard ​៖​គ្មាន​នរណា​ម្នាក់​លើ​លោក​នេះ ​គិត​​ថា​អារ៉ាប់ប៊ីសាអូឌីត ​លេង​បាន​ល្អ​យ៉ាង​នេះ​ទេ

​លោក Herve Renard ​កោត​សរសើរ​កូន​ក្រុម​របស់​ខ្លួន ​បើ​ទោះ​ជា​ប្រកួត​ទី​២​នៅ World Cup 2022 ​នេះ ​ពួកគេ​លេង​ចាញ់​ក្រុម​ប៉ូឡូញ​ក្នុង​លទ្ធផល ​២-០ ​ក៏​ដោយ។

​ប្រកួត​ដំបូង​យក​ឈ្នះ​ក្រុម​អាហ្សង់ទីន ២-១ ​ហើយ​ប្រកួត​បន្ទាប់​នៅ​យប់មិញ​នេះ ​ក្រុម​អារ៉ាប់ប៊ី​សាអូឌីត ​បាន​បង្ហាញ​ទម្រង់​ល្អ​ថែម​ទៀត ​បើ​ទោះ​ជា​ពួកគេ​មិន​អាច​ទទួល​បាន​លទ្ធផល​ឈ្នះ​ក្រុម​ប៉ូឡូញ​ក៏​ដោយ។ ​ចាញ់ ២-០ ​មែន ប៉ុន្តែ​អ្នក​គាំទ្រ​អារ៉ាប់ប៊ីសាអូឌីត ​ពិត​ជា​ពេញ​ចិត្ត​ជាមួយ​ការ​ហ៊ាន​លេង​របស់​សមាជិក​ក្នុង​ក្រុម ដែល​សុទ្ធ​សឹង​តែ​កីឡាករ​ក្នុង​ស្រុក​បែប​នេះ​ដែរ។

​ក្រោយ​ចប់​ការ​ប្រកួត ​លោក Herve Renard ​គ្រូ​បង្វឹក​ពោពេញ​ដោយ​បទ​ពិសោធ​រូប​នេះ​បាន​ចេញ​មុខ​និយាយ​សរសើរ​កូន​ក្រុម​ថា​៖ “គ្មាន​នរណា​ម្នាក់​នៅ​លើ​លោក​គិត​ថា​យើង​អាច​លេង​បាន​ល្អ​ដល់​កម្រិត​នេះ​ទេ។ ​នៅ​អារ៉ាប់បី ​យើង​បាន​ស្គាល់​កីឡាករ​ទាំង​អស់​នេះ ប៉ុន្តែ​ពួកគេ​មិន​ត្រូវ​បាន​គេ​ស្គាល់​ឡើយ​នៅ​ក្រៅ​ប្រទេស។ ​យើង​នៅ​អាច​មាន​សង្ឃឹម​ឡើង​វគ្គ​បន្ដ។ ​ខ្ញុំ​មោទកភាព​ចំពោះ​កីឡាករ​របស់​ខ្ញុំ។ ​យើង​គួរ​តែ​អាច​គ្រប់គ្រង​ការ​ប្រកួត​ឱ្យ​បាន​ល្អ​ជាង​នេះ។ ប្រសិន​បើ​យើង​អាច​ប៉េណាល់ទី​ចូល ​នោះ​​នៅ​តង់​ទី​១ ​នោះ​លទ្ធផល​នឹង​បញ្ចប់​ទៅ​ស្មើ ១-១ ​ហើយ​ការ​ប្រកួត​ក៏​អាច​នឹង​ប្រែប្រួល​ផង​ដែរ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT