Messi ​៖ ​យើង​បាន​ត្រលប់​ទៅ​រក​ទម្រង់​លេង​ដ៏​ល្អ​របស់​យើង​វិញ​ហើយ​

​ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​អះអាង​ថា​ក្រុម​អាហ្សង់ទីន​បាន​ត្រលប់​ទៅ​រក​សភាព​ដើម​របស់​ខ្លួន​វិញ​ហើយ ​ក្រោយ​ពី​បាន​យក​ឈ្នះ​លើ​ក្រុម​មិចសិកូ​ក្នុង​លទ្ធផល ​២-០ ​នៅ​ពាន​រង្វាន់ World Cuop 2022។

​អាហ្សង់ទីន​បើក​ឆាក​លេង​ចាញ់​ក្រុម​អារ៉ាប់ប៊ីសាអូឌីត​ក្នុង​លទ្ធផល ២-១ ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។ ​យ៉ាងណាមិញ ​ប្រកួត​ទី​២​នៅ​យប់មិញ​នេះ ​ពួកគេ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ប្រសើរ​ជា​ប្រកួត​មុន ​និង​អាច​រក​បាន​២​គ្រាប់​ដើម្បី​យក​ឈ្នះ​ក្រុម​មិចសិកូ ​ក៏​ដូចជា​មាន​ឱកាស​ដើម្បី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ផង​ដែរ។

​ក្រោយ​ពី​ចប់​ការ​ប្រកួត Messi ​បាន​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​ថា​៖ “នៅ​តង់​ទី​១​យើង​ពិបាក​លេង​តាម​អ្វី​ដែល​យើង​ចង់​បាន ​ហើយ​ដល់​តង់​ទី​២​យើង​ចាប់​ផ្ដើម​សម្រុក​និង​គ្រប់គ្រង​បាល់ ​ដែល​នេះ​ជា​អ្វី​ដែល​យើង​បាន​ត្រលប់​ទៅ​រក​សភាព​ដើម​របស់​យើង​វិញ។ បន្ទាប់​មក​លទ្ធផល​ដែល​ទទួល​បាន​គឺ​ត្រូវ​បាន​អ្វី​ដែល​យើង​ត្រូវ​ការ​”។

​យ៉ាងណាមិញ ​អាហ្សង់ទីន​ដែល​ស្ថិត​ក្នុង​ពូល​ជាមួយ​ក្រុម​អារ៉ាប់ប៊ីសាអូឌីត ប៉ូឡូញ ​និង​មិចសិកូ​នេះ ​នៅ​មិន​ទាន់​សម្រេច​ថា​ក្រុម​ណា​ឡើង​និង​ក្រុម​ណា​ធ្លាក់​នៅ​ឡើយ​ទេ។ ​ដោយ​ពួកគេ​ត្រូវ​រង់ចាំ​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល​ទៀត​សិន។ ​ដោយ​ក្រុម​អាហ្សង់ទីន ប៉ះ​ក្រុម​ប៉ូឡូញ ​ខណៈ​ដែល​ក្រុម​មិចសិកូ ប៉ះ​ក្រុម​អារ៉ាប់ប៊ីសាអូឌីត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT