De Bruyne ​៖​បែលហ្សិក ​មិន​មែន​ជា​ក្រុម​អាច​ឈ្នះ​ World Cup ​បាន​ទេ​

​ខ្សែ​បម្រើ Kevin de Bruyne ​បាន​អះអាង​ថា​ក្រុម​បែល​ហ្សិក​មិន​មែន​ជា​ក្រុម​ដែល​អាច​ចាត់​ទុក​ថា​នឹង​ប្រជែង​ពាន​រង្វាន់ FIFA World Cup 2022 ​នេះ​បាន​ទេ ព្រោះ​សមាសភាព​កីឡាករ​ប្រែប្រួល​អស់​ហើយ។

​Bruyne ​បាន​និយាយ​បែប​នេះ ​ក្រោយ​ពី​ពួកគេ​ទើប​លេង​បាន​១​ប្រកួត​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត World Cup 2022 ​កន្លង​ទៅ ដោយ​យក​ឈ្នះ​លើ​ក្រុម​កាណាដា។ ​កីឡាករ​លេង​នៅ​ក្លឹប​អាជីព​ Manchester City ​មួយ​នេះ​បាន​និយាយ​ថា​បច្ចុប្បន្ន​បែល​ហ្សិក​មិន​ដូច​កាល​ពី​ឆ្នាំ​២០១៨​នោះ​ទេ។ កីឡាករ​ល្អ​ៗ​ជា​ច្រើន​បាន​ចាកចេញ ​ហើយ​កីឡាករ​ថ្មី​ចូល​មក​ក៏​នៅ​មិន​ទាន់​ដល់​កម្រិត​កីឡាករ​ចាស់​កាល​ពី World Cup 2018 កន្លង​ទៅ​ដែរ។

​កីឡាករ​វ័យ​៣១​ឆ្នាំ​បាន​និយាយ​ថា​៖ “​ខ្ញុំ​គិត​ថា​ឆ្នាំ​២០១៨ ​ជា​ឆ្នាំ​ដែល​យើង​អាច​មាន​ឱកាស​។ ​យើង​មាន​សមាជិក​ក្រុម​ដ៏​ល្អ​មួយ។ ​ពេល​នេះ​យើង​បាន​កីឡាករ​សំខាន់​មួយ​ចំនួន។ យើង​មាន​កីឡាករ​ថ្មី​ចូល​មក​ដែរ ប៉ុន្តែ​ពួកគេ​នៅ​មិន​ទាន់​ដល់​កម្រិត​កីឡាករ​នៅ​ឆ្នាំ​២០១៨​នោះ​ទេ។ ​ខ្ញុំ​ឃើញ​ថា​ពួកគេ​មិន​អាច​ប្រជែង​ពាន​បាន​ទេ​ឆ្នាំ​នេះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT