កីឡាករ​អារ៉ាប់ប៊ីសាអូឌីត ​ថា​រឿង​បាន​ឡាន Rolls-Royce ​មិន​មែន​ជា​រឿង​ពិត​ទេ​

ខ្សែ​ប្រយុទ្ធ Saleh Al Shehri ​របស់​ក្រុម​អារ៉ាប់ប៊ីសាអូឌីត ​បាន​អះអាង​ថា​ដំណឹង​ដែល​ចុះ​ផ្សាយ​ថា​ក្រុម​កីឡាករ​ទទួល​បាន​រង្វាន់​ឡាន Saleh Al Shehri ​ក្រោយ​ពី​ឈ្នះ​អាហ្សង់ទីន​នោះ មិន​មែន​ជា​រឿង​ពិត​នោះ​ទេ។

​ក្រុម​អារ៉ាប់ប៊ីសាអូឌីត ​បាន​វាយ​បក​យក​ឈ្នះ​លើ​ក្រុម​អាហ្សង់ទីន ២-១ ​ក្នុង​ការ​ប្រកួត​បើក​ឆាក FIFA World Cup 2022 ​កន្លង​ទៅ​នេះ។ ​ជ័យជម្នះ​យ៉ាង​ធំធេង​នេះ ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​របស់​ប្រទេស​នេះ​សប្បាយ​ចិត្ត​ខ្លាំង​មែនទែន។ ​ខណៈ​ដែល​ព្រះ​អង្គ​ម្ចាស់ Mohammed bin Salman ​ក៏​បាន​ដាក់​ឱ្យ​ពលរដ្ឋ​ក្នុង​ប្រទេស​សម្រាក​១​ថ្ងៃ​ពេញ​ដើម្បី​អបអរ​ជ័យជម្នះ​នេះ​ដែរ។ ប្រភព​នៅ​អឺរ៉ុប​ថែម​ទាំង​អះអាង​ទៀត​ថា ​ព្រះ​អង្គ​ម្ចាស់​នឹង​ផ្ដល់​ឡាន Rolls-Royce ​តម្លៃ​កន្លះ​លាន​ដុល្លារ​ឱ្យ​ទៅ​កីឡាករ​ម្នាក់​១​គ្រឿង​ថែម​ទៀត​នៅ​ពេល​ត្រលប់​ឬ​បញ្ចប់​ភារកិច្ច​នៅ World Cup 2022 ​នេះ​។

​តែ​បើ​តាម​ខ្សែ​ប្រយុទ្ធ Saleh Al Shehri ​របស់​ក្រុម​អារ៉ាប់ប៊ីសាអូឌីត​វិញ ​បញ្ជាក់​ច្បាស់​ហើយ​ថា​រឿង​នោះ​មិន​មែន​ជា​រឿង​ពិត​នោះ​ទេ។ ​ពួកគេ​មិន​ទាន់​ទទួល​ដំណឹង​ផ្លូវការ​ណា​មួយ​ឡើយ ​ហើយ​រឿង​បាន​ឡាន​នោះ​ក៏​មិន​មែន​ជា​រឿង​ពិត​ដែរ។ ​កីឡាករ​ អារ៉ាប់ប៊ីសាអូឌីត ​ផ្ដោត​លើ​ការ​លេង​តំណាង​ឱ្យ​ជាតិ ​មិន​មែន​ចង់​បាន​រង្វាន់​អ្វី​ឡើយ។

​រំលឹក​ថា​ អារ៉ាប់ប៊ីសាអូឌីត ​នឹង​ប៉ះ​ក្រុម​ប៉ូឡូញ​នៅ​រាត្រី​នេះ ​ដើម្បី​ស្វែង​រក​៣​ពិន្ទុ​បន្ថែម​ទៀត​ក្នុង​ការ​ប្រកួត​ទី​២។ ប្រសិន​បើ​ក្រុម​នេះ​អាច​ឈ្នះ​១​ប្រកួត​នេះ​ទៀត ​នោះ​ពួកគេ​នឹង​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT