គ្រូ​បង្វឹក​អង់គ្លេស ​រង​ការ​រិះគន់​ព្រោះ​មិន​ដាក់ Foden ​ឱ្យ​ចូល​លេង​

​លោក Gareth Southgate ​គ្រូ​បង្វឹក​ក្រុម​អង់គ្លេស ​រង​ការ​រិះគន់​ច្រើន​បន្ទាប់​ពី​លោក​សម្រេច​ចិត្ត​មិន​ព្រម​ផ្លាស់​ប្ដូរ Phil Foden ​ឱ្យ​ចូល​លេង​ជាមួយ​ក្រុម​អាមេរិក​កាល​ពី​យប់មិញ​នេះ​។

​ក្រុម​ខ្លាំង​អង់គ្លេស ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ជាមួយ​ក្រុម​អាមេរិក ​០-០ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត World Cup 2022 ​កន្លង​ទៅ។ ​ក្រុម​ដែល​ត្រូវ​បាន​គេ​គិត​ថា​អាច​នឹង​ឈ្នះ​ពាន​នេះ ​មាន​កីឡាករ​ល្អ​ៗ​ច្រើន ​និង​ប្រកួត​ទី​១​កន្លង​ទៅ​យក​ឈ្នះ​អ៊ីរ៉ង់​បាន​ដល់​ទៅ ៦-២ ​ឯ​ណោះ។ ​តែ​គួរ​ឱ្យ​ស្ដាយ ​នៅ​ប្រកួត​ទី​២​ទល់​ក្រុម​អាមេរិក ​ក្រុម​តោ​កំណាច​មិន​អាច​ធ្វើ​អ្វី​បាន​ទេ ​ដោយ​បញ្ចប់​ទៅ​ក្នុង​លទ្ធផល ០-០ ។ ​ប្រកួត​នេះ អ្នក​គាំទ្រ​រិះគន់​ទៅ​លើ​គ្រូ​បង្វឹក ​បន្ទាប់​ពី​លោក Southgate ​សម្រេច​មិន​ដាក់ Foden ​ឱ្យ​ចូល​លេង។

​តែ​គ្រូ​បង្វឹក​អង់គ្លេស​វិញ ​បាន​និយាយ​ថា​លោក​សម្រេច​ចិត្ត​បែប​នេះ​ក៏​ព្រោះ​តែ​ក្នុង​ប្រកួត​នេះ ​លោក​ចង់​បង្កើន​ការ​ប្រយុទ្ធ​បន្ថែម​ទៀត។ ​ការ​ដាក់ Jack Grealish ​និង Rashford  ឱ្យ​ចូល​លេង ​នឹង​ធ្វើ​ឱ្យ​ក្រុម​កាន់​តែ​មាន​កម្លាំង​ប្រយុទ្ធ​កើន​ឡើង​បន្ថែម​ទៀត។ ដូច្នេះ​ហើយ ទើប​លោក​មិន​អាច​ដាក់ Foden ​ឱ្យ​ចូល​លេង​បាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT