Son ​សុំ​ទោស​អ្នក​គាំទ្រ​កូរ៉េ ​ដែល​មិន​អាច​យក​ឈ្នះ​អ៊ុយរុយហ្គាយ​បាន​

ខ្សែ​ប្រយុទ្ធ Son Heung-min ​បាន​សុំទោស​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ទាំង​អស់​ដែល​បាន​ចេញ​មក​គាំទ្រ ​ចំពោះ​ការ​មិន​អាច​យក​ឈ្នះ​លើ​ក្រុម​អ៊ុយរុយហ្គាយ​បាន​ក្នុង​ពាន​រង្វាន់ FIFA World Cup 2022 ។

​ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នេះ ​ឃើញ​ថា​កម្រិត​លេង​របស់​ពួកគេ​ប្រហាក់​ប្រហែល​គ្នា​តែ​ម្ដង សម្រុក​ទៅ​សម្រុក​មក ​ហើយ​ចុង​បញ្ចប់​បាន​ត្រឹម​ស្មើ​គ្នា ០-០ ​ជាមួយ​ការ​ស៊ុត​ចំ​គោលដៅ​គ្មាន​សូម្បី​១​ជើង។ ​ការ​យក​បាន​ត្រឹម​ម្នាក់​១​ពិន្ទុ​ពី​ការ​ប្រកួត​បើក​ឆាក​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ Son Heung-min ​ចេញ​មុខ​និយាយ​សុំទោស​អ្នក​គាំទ្រ​កូរ៉េ​ខាង​ត្បូង ​ដែល​បង្ហាញ​ពី​ភាព​គាំទ្រ​ខ្លាំងក្លា​មែនទែន។

​ប្រធាន​ក្រុម​រូប​នេះ​និយាយ​ថា​៖ “ខ្ញុំ​សុំទោស​គ្រប់​គ្នា ​ចំពោះ​លទ្ធផល​ស្មើ​គ្នា​នេះ។ យើង​នៅ​សល់​២​ប្រកួត​ទៀត ខ្ញុំ​សង្ឃឹម​ថា​យើង​អាច​បង្ហាញ​គ្រប់​គ្នា​ជាមួយ​ទម្រង់​លេង​ដ៏​ល្អ​មួយ។ ​ខ្ញុំ​មិន​អាច​និយាយ​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នោះ​ទេ ព្រោះ​ហ្គាណា​ក៏​ជា​ក្រុម​ខ្លាំង ​ព័រទុយហ្គាល់​ក៏​ជា​ក្រុម​ខ្លាំង។ យើង​ត្រូវ​តែ​រៀប​ចំ​ក្រុម​ឱ្យ​បាន​ល្អ​បំផុត​សម្រាប់​ប្រកួត​នេះ​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT