អ្នក​ចាត់ការ​កម្ពុជា ​ថា​បើ​ជប៉ុន​ដូរ​ក្បួន​លេង​តាំង​ពី​តង់​ទី​១ ​នោះ​លទ្ធផល​អាច​ល្អ​ជាង​នេះ​ទៀត​

​លោក Keisuke Honda ​អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​គិត​ថា​បើ​ជប៉ុន​ប្ដូរ​ទម្រង់​លេង​តាំង​ពី​ចុង​តង់​ទី​១ ​នោះ​ទំនង​ជា​នឹង​អាច​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​នេះ​ទៅ​ទៀត។

​ក្រុម​ជប៉ុន ​បាន​យក​ឈ្នះ​លើ​ក្រុម​អាល្លឺម៉ង់​ក្នុង​លទ្ធផល ​២-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ FIFA World Cup 2022 ​កន្លង​ទៅ​នេះ។ ដោយ​២​គ្រាប់​របស់​ក្រុម​ជប៉ុន​ធ្វើ​បាន​នៅ​តង់​ទី​២ ​ក្រោយ​ពី​គ្រូ​បង្វឹក​ផ្លាស់​ប្ដូរ​ទម្រង់​លេង​មក។ ​នេះ​ជា​ជ័យជម្នះ​លើក​ដំបូង​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​លើ​ក្រុម​អាល្លឺម៉ង់​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ។

ខណៈ​ដែល លោក Honda ​ដែល​កំពុង​ធ្វើ​ការ​ជា​អ្នក​វិភាគ​ឱ្យ​ Abema TV ​សម្រាប់​ការ​ប្រកួត World Cup ​នេះ ​បាន​និយាយ​ថា​ក្រុម​ជប៉ុន​ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្ដូរ​តាំង​ពី​តង់​ទី​១ ​នោះ​ពួកគេ​អាច​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ជាង​នេះ​ទៅ​ទៀត។ តែ​យ៉ាង​ណា ​ជ័យជម្នះ​នេះ​ពិត​ជា​ធំធេង​សម្រាប់​ប្រជាជន​ជប៉ុន​ហើយ។ ​លោក​ពេញ​ចិត្ត និង​សរសើរ​ដល់​កីឡាករ​ជប៉ុន​ទាំង​អស់​ដែល​បាន​ដាក់​ចិត្ត ដាក់​កាយ​រហូត​ពេញ​៩០​នាទី​ដើម្បី​ទទួល​បានជ័យជម្នះ​លើ​ក្រុម​ខ្លាំង​អាល្លឺម៉ង់​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT