Tite ​៖ ​ប្រេស៊ីល​ឆ្នាំ​នេះ​ពេញ​ល្អ ​មិន​ដូច​ប្រេស៊ីល​ឆ្នាំ​២០១៨​ទេ​

លោក Tite ​គ្រូ​​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ​បាន​អះអាង​ថា​ក្រុម​របស់​លោក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​សែប​នៅ​រាត្រី​នេះ ​ក្នុង​ការ​ប្រកួត​បើក​ឆាក World Cup 2022 ។

​ប្រេស៊ីល ​សឹង​តែ​គ្រប់​ឆ្នាំ​ដែល​ត្រូវ​បាន​គេ​ដាក់​ថា​ជា​ក្រុម​មាន​ភាគរយ​ឈ្នះ​ពាន​រង្វាន់ FIFA World Cup ​ជាង​គេ។ ​ចំណុច​នេះ ​លោក Tite ​គ្រូ​បង្វឹក​ប្រេស៊ីល​បាន​អះអាង​ថា​ជា​រឿង​ធម្មតា​ទៅ​ហើយ ​និង​វា​មិន​មែន​ជា​សម្ពាធ​សម្រាប់​លោក​ឬ​កូន​ក្រុម​នោះ​ទេ។ ​គ្រប់​គ្នា​ចាត់​ទុក​បែប​នេះ ក៏​ព្រោះ​តែ​ប្រេស៊ីល​ជា​ប្រទេស​មាន​ប្រវត្ដិសាស្ត្រ​ធំ​បំផុត​លើ​ផ្នែក​បាល់ទាត់​នេះ ​ហើយ​ក៏​ជោគជ័យ​ច្រើន​ជាង​គេ ​ជា​ម្ចាស់​ជើង​ឯក​៥​សម័យ​កាល​ផង​ដែរ។

​គ្រូ​បង្វឹក​ខាង​លើ​បាន​បន្ថែម​ទៀត​ថា​៖ “នៅ​ក្នុង​ក្រុម​យើង ​មាន​កីឡាករ​ដែល​គ្រប់​កាសែត​ទាំង​អស់​តែងតែ​ចង់​ចុះ​ផ្សាយ​និង​តាមដាន​ជា​និច្ច។ ​យើង​មាន​កីឡាករឆ្នើម​ៗ​បំផុត​នៅ​លើ​លោក ​ហើយ​វា​ជា​ក្ដី​ស្រមៃ​របស់​យើង​ផង​ដែរ​ក្នុង​ការ​ឈ្នះ​ពាន World Cup។ ​នៅ​រុស្ស៊ី​យើង​មាន​ពេល​​ត្រឹម​២​ឆ្នាំ​ដើម្បី​រៀប​ចំ​ក្រុម ​ប៉ុន្ដែ​ពេល​នេះ​យើង​មាន​ពេល​ពេញលេញ​ល្អ​ណាស់​ក្នុង​ការ​កសាង​ក្រុម​មួយ​ដែល​ខ្ញុំ​ចង់​បាន​។ ​អារម្មណ៍​ខ្ញុំ ​ប្រេស៊ីល​នៅ​ពេល​នេះ ល្អ​ជាង​ប្រេស៊ីល​កាល​ពី​៤​ឆ្នាំ​មុន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT