​គ្រូ​ព័រទុយហ្គាល់ ​ថា​នៅ World Cup ​មិន​អាច​មើល​ស្រាល​ទេ ​មើល​អាហ្សង់ទីន ​និង​អាល្លឺម៉ង់​ជា​គំរូ​

​លោក Fernando Santos ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​បាន​អះអាង​ថា​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup ​ក្រុម​ទាំង​អស់​មិន​អាច​មើល​ស្រាល​នរណា​បាន​ឡើយ ព្រោះ​សុទ្ធ​តែ​មាន​កម្រិត​លេង​ល្អ​ដូច​គ្នា។

​ក្រុម​ព័រទុយហ្គាល់​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ហ្គាណា​នៅ​រាត្រី​នេះ​ហើយ​សម្រាប់​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ FIFA World Cup 2022 ​។ ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម ​លោក Santos ​ដែល​ជា​គ្រូ​បង្វឹក​ព័រទុយហ្គាល់​មើល​ឃើញ​ថា​ហ្គាណា​មិន​មែន​ជា​ក្រុម​ខ្សោយ​នោះ​ទេ ​ហើយ​លោក​ក៏​បាន​ប្រាប់​កូន​ក្រុម​ដែរ​ថា​ប្រកួត​នេះ ត្រូវ​ប្រឹង​លេង​ឱ្យ​បាន​១០០​%​ដើម្បី​យក​៣​ពិន្ទុ​ដ៏​សំខាន់។

​គ្រូ​បង្វឹក​ដែល​ដឹក​នាំ​ព័រទុយហ្គាល់​លើក​ពាន Euro 2016 ​អះអាង​ទៀត​ថា​នៅ World Cup ​មិន​មាន​នរណា​ខ្លាំង​ជាង​នរណា​ឡើយ។ ​ក្រុម​ទាំង​អស់​ដែល​បាន​ជាប់​មក​នេះ សុទ្ធ​តែ​មាន​សមត្ថភាព។ ​វប្បធម៌​ដែល​ប្រទេស​នៅ​អឺរ៉ុប​ខ្លាំង​ជាង​ប្រទេស​ដទៃ​បាន​ចប់​ទៅ​ហើយ ព្រោះ​បច្ចុប្បន្ន​កីឡាករ​គ្រប់​ប្រទេស​សុទ្ធ​តែ​បាន​លេង​នៅ​លីគ​ធំ​ៗ​ទាំង​អស់ ​និង​ហ្វឹកហាត់​យ៉ាង​ត្រឹមត្រូវ។ ​ជាក់​ស្ដែង ​មើល​គំរូ​អាហ្សង់ទីន ​និង​អាល្លឺម៉ង់ ​ដែល​របូត​ឱកាស​យក​៣​ពិន្ទុ​ពី​ក្រុម​អារ៉ាប់ប៊ីសាអូឌីត ​និង​ជប៉ុន​ជា​ដើម៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT