Messi ​ប្រាប់​អ្នក​គាំទ្រ ​មិន​ត្រូវ​អស់​សង្ឃឹម​ទេ​សល់​២​ប្រកួត​ទៀត​

​ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​ប្រាប់​ទៅ​អ្នក​គាំទ្រ​អាហ្សង់ទីន ​ថា​មិន​ត្រូវ​អស់​សង្ឃឹម​នោះ​ទេ ​ព្រោះ​ការ​ប្រកួត​នៅ​សល់​ដល់​ទៅ​២​ប្រកួត​ទៀត​ឯ​ណោះ​ក្នុង​ពូល​នៃ​ពាន​រង្វាន់ FIFA World Cup 2022 ​។

​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​អារ៉ាប់ប៊ីសាអូឌីត​ក្នុង​លទ្ធផល ២-១ ​នា​ការ​ប្រកួត​បើក​ឆាក World Cup ​របស់​ពួកគេ។ ​ជើង​ខ្លាំង​មក​ពី​អាមេរិក​ឡាទីន ​មុន​ការ​ប្រកួត​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​នឹង​យក​៣​ពិន្ទុ​បាន​មិន​ពិបាក​នោះ​ទេ​ពី​ក្រុម​ក្នុង​តំបន់​អាស៊ី ប៉ុន្ដែ​ដល់​ការ​ប្រកួត​ជាក់​ស្ដែង​វិញ ឃើញ​ថា​អារ៉ាប់បីសាអូឌីត​ធ្វើ​បាន​ល្អ​ជាង ​រហូត​វាយ​បក​យក​ឈ្នះ​ទាល់​តែ​បាន​ក្នុង​លទ្ធផល ​២-១ ​យ៉ាង​គួរ​ឱ្យ​ភ្ញាក់ផ្អើល។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ដែរ ​Messi ​បាន​និយាយ​ថា​៖ “វា​ពិបាក​ក្នុង​ការ​និយាយ ព្រោះ​យើង​មិន​រំពឹង​ថា​ចាប់​ផ្ដើម​ពី​ចំណុច​នេះ​ទេ។ ​យើង​មាន​អារម្មណ៍​ថា​ដូច​ស្លាប់​នៅ​ពេល​ចប់​ការ​ប្រកួត​នេះ​។ ​រឿង​ដែល​កើត​សុទ្ធ​តែ​មាន​ហេតុផល។ យើង​មិន​ផ្ដោត​លើ​ប្រកួត​នេះ​ទៀត​ទេ យើង​ត្រូវ​ផ្ដោត​លើ​ការ​ប្រកួត​ខាង​មុខ។ ​យើង​នៅ​សល់​២​ប្រកួត​ទៀត​ដែល​ទាមទារ​ឈ្នះ​ឱ្យ​ទាល់​តែ​បាន​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT