គុនល្បុក្កតោ​កម្ពុជា​ ឈ្នះមេដាយ​៥​គ្រឿង​ ពី​ការ​ប្រកួត​កីឡា​យុទ្ធសិល្បិ៍​ក្បាច់​គុន​ពិភពលោក​

​កីឡាករ ​កីឡាការិនីគុន​ល្បុក្កតោ​ចំនួន​៨នាក់ ​ដណ្តើមបានមេដាយមាស ​១គ្រឿង ​និង​មេដាយ​ប្រាក់​ ៤​គ្រឿង​ នៅ​ក្នុង​ការ​ប្រកួត​កីឡា​យុទ្ធសិល្ប៍​ក្បាច់​គុន​ពិភពលោក​-IMAC(International Martial Arts Contest) ​លើ៧វិញ្ញាសា នៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ​ឆ្នាំ២០២២។

 

លោក អួរ តារា ​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាគុន​ល្បុក្កតោ​កម្ពុជា​ គូសបញ្ជាក់ថា​ គណ:​កម្មាធិការ​រៀប​ចំ​ការ​ប្រកួត ​បាន​បែងចែក​ចំណាត់​ថ្នាក់​ជា​៥​ គឺ​លេខ​១ ​ដល់លេខ៥ ​ដោយ​កីឡាករ​ កីឡាការិនី​គុន​ល្បុក្កតោ​កម្ពុជា ​ដណ្តើមបានលទ្ធផល​ ដូចជា៖ ១.កីឡាការិនី ពិធី ច័ន្ទឆវី មេដាយមាស លើវិញ្ញា​សាទ្វារ​មេ​គុន​អាវុធ។ ២.កីឡាករ ​គីម ទិត្យ សុវឌ្ឈន​: មេដាយប្រា​ក់ ទ្វារមេគុនអាវុធ​។ ៣.កីឡាករ អោក រិតធានី ​និងកីឡាករ ​យ៉ឹម វុត្ថា ​មេដាយប្រាក់ ​ទ្វារមេគុនដៃក្រុម។ ​៤.កីឡាករ អ៊ៃ សំអុន និង កីឡា​ការិនី ​ស៊ិន សៀវសៀន មេដាយប្រាក់​ ទ្វារមេគុនអាវុធក្រុម។ ៥.កីឡាករ អ៊ៃ សំអុន, គីម​ ទិត្យសុវឌ្ឍនៈ, ​ពេជ្រ ពន្លឺ, អោក រិតធានី, យ៉ឹម វុត្ថា, ​ស៊ិន សៀវសៀន, យស សញ្ចនា និង ពុធ​ ចាន់ឆវី មេដាយប្រាក់​ លើវិញ្ញាសាសម្តែងជាក្រុម។ ៦.កីឡាករ ពេជ្រ ពន្លឺ ទទួល​បានចំណាត់​ថ្នាក់​លេខ​ ៤ ទ្វារមេគុនដៃ។ ៧.កីឡាការិនី យស សញ្ចនា ដណ្តើមបានលេខ៥ លើវិញ្ញាសាទ្វារ​មេគុន​ដៃ។

លោក អួរ តារា លើកឡើងថា ​នៅឆ្នាំ២០២២នេះ ​សម្ព័ន្ធកីឡាយុទ្ធសិល្ប៍ពិភពលោក (World Martial Art Union) ​បាន​រៀប​ចំ​ការប្រកួត ​International Martial Arts Contest នេះ ដោយមាន ១០ប្រទេស ចូល​រួម​ប្រកួត​ប្រជែង បន្ទាប់ពីព្រឹត្តិការណ៍ដូចគ្នានេះ បានរៀបចំប្រកួតតាមប្រព័ន្ធអនឡាញ កាល​ពី​ឆ្នាំ​២០២១។ ​សម្រាប់ការចូលរួមប្រកួតរបស់ក្រុមគុនល្បុក្កតោកម្ពុជាចំនួន១០រូប (គ្រូបង្វឹក២រូប) ត្រូវ​បាន​បញ្ជូន​ដោយ​គណៈកម្មាធិការជាតិរៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ ​លើកទី៣២ ​ឆ្នាំ២០២៣ (CAMSOC)។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT