លើក​ទី​១​! ​លីគ​កម្ពុជា ​មាន​កាត​ក្រហម​២ ​ហើយ​សុទ្ធ​តែ​អ្នក​ចាំទី​ទៀត​

​នេះ​ជា​លើក​ទី​១​ហើយ​ក្នុង​លីគ​កម្ពុជា ​ដែល​អ្នក​ចាំទី​ក្រុម​ទាំង​សង​ខាង​សុទ្ធ​តែ​ទទួល​បាន​កាត​ក្រហម​ក្នុង​ការ​ប្រកួត ​ក្នុង​ជំនួប​វិសាខា ​ប៉ះ​ជាមួយ​ក្រុម​បឹង​កេត។

​ក្នុង​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ ​អ្នក​ចាំទី ហ៊ុល គឹមហ៊ុយ ​របស់​បឹង​កេត ​ទទួល​បាន​កាត​ក្រហម​តាំង​ពី​ដើម​តង់​ទី​១ ​ក្នុង​នាទី​១៤​មក​ម្ល៉េះ ​ក្រោយ​ពី​គេ​បាន​បង្ក​កំហុស​ទៅ​លើ​កីឡាករ​របស់​វិសាខា ​ក្នុង​តំបន់​គ្រោះ​ថ្នាក់។ ​ដោយ​ឡែក​នៅ​នាទី​២២ ​ក៏​ស្រាប់​តែ ​កែវ សុខសិលា ​របស់​វិសាខា ​បាន​កាត​ក្រហម​វិញ​ដូច​គ្នា ​ក្រោយ​ពី​ទៅ​បង្ក​កំហុស​ធ្ងន់ធ្ងរ​លើ​កីឡាករ ម៉ាត់ ណូរុន។ ​ដូច្នេះ ក្រុម​ទាំង​សង​ខាង​សល់​គ្នា​ត្រឹម​១០​នាក់ ​ហើយ​ក៏​បាត់​បង់​អ្នកចាំទី​ដូច​គ្នា។ ​ចុង​បញ្ចប់ ​ក្រុម​វិសាខា ​នៅ​តែ​ធ្វើ​បាន​ល្អ យក​ឈ្នះ​លើ​ក្រុម​បឹងកេត​បាន​ដដែល​ក្នុង​លទ្ធផល ​៥-៣។

​ជាមួយ​លទ្ធផល​នេះ​ដែរ ​វិសាខា ​បាន​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​លីគ​កំពូល​កម្ពុជា ​ដោយ​មាន​៣​ពិន្ទុ​លើស​ក្រុម​លេខ​២​ទៅ​ហើយ។ ​ពេល​នេះ វិសាខា ​មាន​៤៩​ពិន្ទុ ​និង​ស្វាយ​រៀង ​ហើយ​ភ្នំពេញ​ក្រោន​មាន​៤៦​ពិន្ទុ។ ​ក្រុម​បឹង​កេត ​មាន​៣៩​ពិន្ទុ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT