អបអរ​ទាំង​អស់​គ្នា! ​កីឡា​ជាតិ ​ចាប់​ផ្ដើម​បើក​កម្មវិធី​នៅ​ល្ងាច​នេះ​ហើយ​

​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ​របស់​កម្ពុជា​នឹង​ចាប់​ផ្ដើម​បើក​ជា​ផ្លូវការ​នៅ​រាត្រី​នេះ​ហើយ​នា​កីឡដ្ឋាន​មរតក​តេជោ ​ដែល​មាន​វត្ដមាន​របស់​សម្ដេច​តេជោ ហ៊ុន សែន ​ចូល​រួម​ផង​ដែរ។

​ការ​ប្រកួត​កីឡា​ជាតិ​នៅ​ចុង​ឆ្នាំ​នេះ​គឺ​ជា​កម្មវិធី​កីឡា​ធំ​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា ​ហើយ​វា​ក៏​ធ្វើ​ឡើង​ដើម្បី​ជា​ការ​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​២០២៣​ខាង​មុខ​ផង​ដែរ។ ​ការ​ប្រកួត​កីឡា​ជាតិ​នេះ​ដែរ ​នឹង​មាន​ប្រភេទ​កីឡាចំនួន៣​៨​ និងប៉ារ៉ាឡាំពិក​មាន​ចំនួន​៧​ប្រភេទ​កីឡា ​(សរុប ៤០៥វិញ្ញាសា)។ ​ការ​ប្រកួត​តាម​ប្រភេទ​កីឡា​ និងវិញ្ញាសា​គ្រោងនឹងធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ ​កែប កំពត ព្រះសីហនុ និង​ខេត្ត​សៀមរាប។ ចំពោះពិធីបើកកីឡាជាតិ ជាផ្លូវការ​នឹង​ប្រារព្ធ​ធ្វើ​ឡើង​ នាថ្ងៃទី២១ ​ខែវិច្ឆិកា ​និងពិធីបិទ​ នា​ថ្ងៃទី៣០វិច្ឆិកា ឆ្នាំ២០២២ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេច​តេជោ​ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។

​រំលឹក​ថា​ការ​រៀប​ចំ​កីឡា​ជាតិ​នេះ ​ពិត​ជា​សំខាន់​មែនទែន​សម្រាប់​កម្ពុជា ​ក្រោយ​ពី​ខកខាន​ដោយសារ​ជំងឺ​កូវីដ​១៩​អស់​រយៈ​ពេល​២​ឆ្នាំ​មក​ហើយ។ មួយ​វិញ​ទៀត ​នេះ​ជា​ការ​ធ្វើ​តេស្ដ​សមត្ថភាព​កម្ពុជា ​ក្នុង​ការ​រៀប​ចំ​កម្មវិធី​ធំ​ផង​ដែរ ព្រោះ​ស៊ីហ្គេម​២០២៣​ខាង​មុខ ក៏​នឹង​រៀប​ចំ​ស្រដៀង​គ្នា​នេះ​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT