បារាំង ​នឹង​មិន​កោះ​ហៅ​ខ្សែ​ប្រយុទ្ធ​មក​ជំនួស Benzema ​នោះ​ទេ​

ក្រុម​ជម្រើស​ជាតិ​បារាំង ​នឹង​មិន​កោះ​ហៅ​ខ្សែ​ប្រយុទ្ធ​ថ្មី​មក​ជំនួស​កីឡាករ Karim Benzema ​នោះ​ទេ ដែល​រូបគេ​ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

​Benzema ​ត្រូវ​បាន​ដក​ឈ្មោះ​ចេញ ​ដោយសារ​តែ​រូបគេ​មាន​បញ្ហា​របួស​សាច់​ដុំ​ភ្លៅ​អំឡុង​ពេល​ហ្វឹកហាត់។ ​ម្ចាស់​ពាន​រង្វាន់ Ballon dÓr ​ឆ្នាំ​២០២២​នេះ ​ត្រូវ​បាន​អ្នក​គាំទ្រ​រំពឹង​ថា​នឹង​ជួយ​ក្រុម​បារាំង​បាន​ច្រើន​ក្នុង​ការ​ប្រកួត World Cup ​ដែល​ចាប់​ផ្ដើម​នៅ​រាត្រី​នេះ ប៉ុន្តែ​វា​ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​ដែរ ​ដែល​រូបគេ​ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​វិញ​ដោយសារ​តែ​បញ្ហា​របួស។ ដោយ​របួស​នេះ​ទៀត​សោត ​ក៏​ធ្វើ​ឱ្យ​គេ​ខកខាន​លេង​ឱ្យ​ក្លឹប​អាជីព Real Madrid ​ជា​ច្រើន​ប្រកួត​មក​ហើយ​ដែរ។

​លោក ​Didier Deschamps ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង​បាន​និយាយ​ថា​៖ “ខ្ញុំ​ពិត​ជា​សោកស្ដាយ​ចំពោះ Karim ​ដែល​រូបគេ​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម។ ​ហើយ​សម្រាប់​បេក្ខភាព​ជំនួស​គេ​វិញ ​យើង​ក៏​មិន​ជ្រើសរើស​ថ្មី​ទៀត​ដែរ”។ រំលឹក​ថា​ក្រុម​ការពារ​តំណែង​ជើង​ឯក​នេះ ​មាន​កីឡាករ​សំខាន់​ៗ​របួស​ច្រើន​នាក់​មែនទែន។ ជាក់​ស្ដែង Paul Pogba ​និង Kante ​ជា​ដើម ​សុទ្ធ​តែ​របួស​មិន​អាច​ចូល​លេង​បាន​ទាំង​អស់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT