LV ចាយ​លុយ​អស់​ប៉ុណ្ណេះ ដើម្បី​ឲ្យ Ronaldo&Messi ស្ថិត​ក្នុង​រូបភាពស្ពត​តែ​មួយ ជា​លើក​ដំបូង​

មុន​រយៈ​ពេល​ ២៤ ម៉ោង​នៃ​ការ​ប្រកួត World Cup 2022 ក្នុង​ប្រទេស​កាតារ លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ក៏​បាន​ផ្ទុះ​ការ​ជជែក ចែករំលែក​រាប់​សិប​លាន​ដង បន្ទាប់​ពី​តារា​ឆ្នើម​បាល់ទាត់​ទាំង​ពីរ​រូប គឺ Cristiano Ronaldo និង Lionel Messi បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ដូច​គ្នា ជាមួយ Caption មាន​អត្ថន័យ​តែ​មួយ និង​នៅ​ម៉ោង នៅ​ពេលវេលា​តែ​មួយ​កាល​ពី​យប់មិញ។

ក្នុង​រូបភាព​នៃ​ស្ពត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នោះ គេ​ប្រទះ​ឃើញ​វីរបុរស​បាល់ទាត់​ទាំង​ពីរ​រូប កំពុង​អង្គុយ​សម្លឹង​ទៅ​គ្រាប់​អុក ដាក់​កល់​លើ​កាបូប​យីហោ​ល្បី Louis Vuitton ឬ​បងប្អូន​យើង​ស្គាល់​ថា LV ក្រោម​ចំណង​ជើង៖ “Victory is a State of Mind”។

នេះ​រាប់​បាន​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ដែល​ស្តេច​ពពែ​ទាំង​ពីរ ធ្លាប់​តែ​ជា​គូ​ប្រជែង​លើ​ទីលាន​បាល់ទាត់ ប្រដេញ​គ្រាប់​បាល់ ប្រដេញ​កំណត់ត្រា​ជា​ហែហូរ ឥឡូវ​បែរ​មក​រំលេច​វត្តមាន​ក្នុង​រូបភាព​មួយ​សន្លឹក​ព្រម​គ្នា ឲ្យ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​តែ​មួយ។ ចម្ងល់​កើត​មាន​ពី​អ្នក​គាំទ្រ ចោទ​សួរ​មក​កាន់​ទំព័រ CTS Sports នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ដោយ​ចង់​ដឹង​ថា តើ​ LV ត្រូវ​ចំណាយ​ទឹក​ប្រាក់​ប៉ុន្មាន​ដើម្បី​ឲ្យ​រូបភាព​រួបរួម​គ្នា​ដ៏​មិន​គួរ​ឲ្យ​ជឿ​នេះ កើត​ឡើង?

ជា​ការ​ពិត​ទិន្នន័យ​ឬ​តួ​លេខ​ចំណាយ​ច្បាស់ការ​មិន​ត្រូវ​បាន​បើក​ចំហ​ឲ្យ​ដឹង​នោះ​ទេ តែ​បើ​តាម​ការ​ចុះ​ផ្សាយ​ស្រដៀង​គ្នា ពី​ប្រភព​គេហទំព័រ​បរទេស​ជា​ច្រើន បាន​ប៉ាន់ប្រមាណ​ដោយ​ផ្អែក​តាម​តម្លៃ​ចាស់ ដែល​បុរស​សញ្ជាតិ​អាហ្សង់ទីន និង​ព័រទុយហ្គាល់​ធ្លាប់​ទទួល​យក​ពី​ក្រុមហ៊ុន​ផ្សព្វផ្សាយ​នានា​កន្លង​មក។

ផ្អែក​តាម​ទិន្នន័យ Hopper HQ ជា​ទូទៅ Ronaldo ស៊ី​ថ្លៃ ២,៣៩ លាន​ដុល្លារ ក្នុង​ការ​ផ្សព្វផ្សាយ​មួយ​សន្លឹក ទៅ​លើ​គណនី Instagram ដែល​មាន Follower ច្រើន​បំផុត​ក្នុង​លោក ដល់ ៤៩៨ លាន​នាក់។ រី​ឯ Lionel Messi ជា​បុគ្គល​មាន Follower ច្រើន​បំផុត​លំដាប់​ទី​ពីរ ៣៧៥ លាន​នាក់ ស៊ី​ថ្លៃ ១,៧៧ លាន​ដុល្លារ តែ​នេះ​បូក​បន្ថែម​ទាំង​ការ​ចំណាយ​លើ​អ្នក​ថត​រូប​ល្បី​ឈ្មោះ អ្នក​ស្រី Annie Leibovitz ផង មួយ​សន្លឹក​នេះ Photographer សញ្ជាតិ​អាមេរិក​ក៏​លឺ​ថា​ស៊ី​ថ្លៃ​ល្បាក់ ១៧០ ០០០ ដុល្លារ។

ម្ល៉េះ​សរុប​ជា​រួម ក្រុមហ៊ុន​បារាំង LV ចាយ​លុយ​អស់​ជិត ៤,៥ លាន​ដុល្លារ ដើម្បី​ឲ្យ​រូបភាព​មួយ​សន្លឹក​ខាង​លើ​កើត​ឡើង​ទៅ​បាន។ នេះ​យើង​មិន​ទាន់​រាប់​បញ្ចូល​ថ្លៃ​ចំណាយ​ផ្សេងៗ ឬ​កិច្ច​ព្រមព្រៀង​មិន​បង្ហាញ​ណា​មួយ ដែល​វា​អាច​នាំ​ឲ្យ​ទំហំ​ចំណាយ​សរុប កើន​ឡើង​លើស​ហ្នឹង​ក៏​ថា​បាន។

រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត ប្រិយមិត្ត​ប្រហែល​ជា​មិន​បាន​ដឹង​នោះ​ទេ ថា​កាបូប LV ដែល​ Ronaldo/Messi ដាក់​កល់​គ្រាប់​អុក វា​គឺ​ជា​កាបូប​តែ​មួយ ដែល​សមាគម​បាល់ទាត់​ពិភពលោក FIFA ធ្លាប់​បាន​យក​មក​ប្រើប្រាស់​កាល​ឆ្នាំ ២០១៨ នៅ​វគ្គ​ពិសេស។

នោះ​គឺ​នៅ​ពេល​បើក​និង​បិទ​កម្មវិធី ដែល FIFA យក​ពាន World Cup ពិត​ប្រាកដ​មក​បង្ហាញ គឺ​បាន​ដាក់​ពាន​រង្វាន់​ទៅ​ក្នុង​កាបូប LV រូបរាង​និង​ម៉ាក​តែ​មួយ​នោះ​ឯង។ ចំពោះ​អត្ថន័យ​នេះ ក៏​កាន់​តែ​បញ្ឆេះ​ចិត្ត​អ្នក​គាំទ្រ​នៅ​ទូទាំង​សកលលោក ពោល​ចង់​ឲ្យ​ជំនួប​វគ្គ​ផ្ដាច់ព្រ័ត្រ រវាង​អាហ្សង់ទីន-ព័រទុយហ្គាល់ អាច​ក្លាយ​ជា​ការ​ពិត​នៅ​ថ្ងៃ​ទី ១៨ ​ធ្នូ វេលា​ម៉ោង ១០:០០ យប់ ក៏​ជា​ពេលវេលា ៩០ នាទី​ដ៏​គួរ​ឲ្យ​ចងចាំ និង​អស្ចារ្យ​បំផុត​ផង​ដែរ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT